មនុស្សជិត ២.០០០ នាក់​ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន​ដែល​ល្មើសបម្រាម​គោចរ​នឹង​បម្រាម​បិទ​ខ្ទប់​ក្នុង​រយះពេល​មួយខែ​

ភ្នំពេញ៖ មនុស្សជិត ២.០០០ នាក់ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន​ដែល​ល្មើសបម្រាម​គោចរ​នឹង​បម្រាម​បិទ​ខ្ទប់​ក្នុង​រយះពេល​មួយខែ​ ដោយគិត​ចាប់​ណី​ថ្ងៃទី​១៥ មេសា ដល់​ថ្ងៃទី​១៥ ឧសភា ឆ្នាំ២០២១​។ ​នេះបើតាមការបញ្ជាក់លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

លោកបានបន្តថា សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ ដែល​បាន​ល្មើស​នឹង​បម្រាម​គោចរ និង​បម្រាម​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​ចំនួន​១.៨៧៨​នាក់ ក្នុងនោះ​តុលាការ​ឃុំខ្លួន​ចំនួន​១១​នាក់ កំពុង​សាកសួរ​នៅ​តុលាការ ចំនួន​៣​នាក់ ណែនាំ​អប់រំ​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ចំនួន ១.២៣៨ នាក់ ប​ញ្ជួ​ន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​២៨៩​នាក់ ធ្វើ​ការពិន័យ​អន្តរកាល​ចំនួន​៣៣៣​នាក់ និង​ប​ញ្ជួ​ន​ទៅ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ចំនួន​៤​នាក់​។​

លោកបន្ថែមថា ចំនួន​មនុស្ស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ ចែកជា​ពីរ​ដំណាក់កាល​ ដោយ ទី​១​ការបិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​១៥ ខែមេសា​រហូតដល់ ថ្ងៃទី​៥ ឧសភា និង​ដំណាក់កាល​ទី​២ ចាប់ពី​ថ្ងៃទី​៦ ខែឧសភា រហូតដល់​ថ្ងៃទី​១៥ ខែឧសភា ដែល​សាលា​រាជធានី​ភ្នំពេញ បាន​បន្ត​អនុវត្ត​បម្រាម​គោចរ​ចាប់ពី​ម៉ោង​៨​យប់​រហូត ដល់​ម៉ោង​៣​ទៀបភ្លឺ​។​

​លោក​បាន​បន្ថែមថា សមត្ថកិច្ច​នៅតែ​បន្ត​អនុវត្ត​ល្បាត​តាម​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង​ជាប្រចាំ ពិសេស​អនុវត្ត បម្រាម​គោចរ​ពេលយប់ ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​៣​ទៀបភ្លឺ តាម​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ក្នុងនោះ​មានការ​ចល័ត​កងកម្លាំង​សមត្ថកិច្ច​រាល់​យប់ នៅ​គ្រប់​ខណ្ឌ​ដែល​ដឹកនាំ​ដោយ​ស្នងការរង ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​បម្រាម​គោល​ចរ​នេះ​៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner