បន្ទាប់ពីបែកបាក់រួចរួបរួម នឹងមានការចងសម្ព័ន្ធភាពធំមួយជាមួយគណបក្សនយោបាយផ្សេងៗទៀត
ភ្នំពេញៈគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច នឹងធ្វើការបង្រួបបង្រួមគ្នានៅពេលឆាប់ៗខាងមុខនេះ។ បន្ទាប់ពីមានការរួបរួមជាថ្មីរួចហើយរវាងគណបក្សរាជានិយមទាំងពីរនេះ ក៏នឹងមានការចងជាសម្ព័ន្ធភាពដ៏ធំមួយជាមួយ គណបក្សនយោបាយមួយចំនួន ដែលទើបបង្កើតថ្មីដោយមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការចូលរួមបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣។ គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ចំពោះការបង្រួបបង្រួមគណបក្សរាជានិយមទាំងពីរ និងការចងសម្ព័ន្ធភាព ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ប្រាប់ AMS ថាលោកបានជួបពិភាក្សាជាមួយម្ចាស់ក្សត្រីយ៍ ម៉ារី រណឫទ្ធិ អំពីការបង្រួបបង្រួមរវាងគណបក្សខ្មែររួបរួមជាតិ ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និង ពាក់ព័ន្ធសម្ព័ន្ធភាពចង់ឲ្យមានការបង្រួបបង្រួមគ្នា ដែលកំពុងតែដំណើរការ និងពន្លឿនឱ្យការបង្រួបបង្រួមចេញឱ្យបានឆាប់ ពីព្រោះសល់ពេលតែមួយឆ្នាំគត់ ដែលត្រូវចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ។
លោកបានបញ្ជាក់ថា “ដំណើរការពិភាក្សាគឺជាងមួយសប្តាហ៍ហើយ និងកំពុងតែសម្របសម្រួលក្បាលម៉ាស៊ីនដឹកនាំ នៅពេលដែលបង្រួបបង្រួមគ្នាហើយ តើយើងមានក្បាលម៉ាស៊ីនដឹកនាំរបៀបម៉េច? ត្រង់ចំណុចនេះគឺមានសារៈសំខាន់ ហើយការពិភាក្សាគ្នា គឺបានដំណើរការទៅដោយរលូន ដូចជាមិនមានឧបសគ្គអ្វីទេ។ ហេតុនេះនៅពេលឆាប់ៗខាងមុខនេះ មិនយូរទេ យើងនឹងអាចចេញជារូបរាងមែនទែនហើយ ក្នុងការបង្រួបបង្រួមគ្នានេះដើម្បីឱ្យយើងបានចូលរួមក្នុង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងឈានទៅដល់ការចូលរួមបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខនេះ”។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា បន្ទាប់ពីការបង្រួបបង្រួមគ្នារវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច រួចហើយ គឺនឹងមានការចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយមួយចំនួន ក្នុងនោះមានទាំងអតីតគណបក្សប្រឆាំង មកចូលរួមផងដែរ ដើម្បីរួមគ្នាតែមួយក្នុងការចូលរួមការបោះឆ្នោតនៅឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខនេះ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ប្រាប់ AMS ថា គណបក្សប្រជាជនកម្ពុជាស្វាគមន៍ចំពោះការបង្រួបបង្រួមរវាងគណបក្សរាជានិយមទាំងពីរ និងការចងសម្ព័ន្ធភាព ពីព្រោះការចងសម្ព័ន្ធភាពរវាងគណបក្ស និងគណបក្ស គឺមិនមានច្បាប់ហាមឃាត់ទេ។ គឺគណបក្សអាចធ្វើសម្ព័ន្ធភាពជាមួយគ្នាបាន។ លោកបញ្ជាក់ថា “វាអត់មានបញ្ហាអីទេ យើងក៏អត់មានការថ្នាំងថ្នាក់អីដែរធ្វើម៉េចឱ្យគាត់គោរពតាម គោលការណ៍ច្បាប់ហើយ និងសិទ្ធិនយោបាយរបស់គាត់ឲ្យបានត្រឹមត្រូវទៅយើងអត់មានជំទាស់អីទេយើងស្វាគមន៍”។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ចង់បានដៃគូរប្រកួតដែលមានសក្តានុពល និងស្វាគមន៍ការអនុវត្តសិទ្ធិនយោបាយរបស់គណបក្សទាំងពីរ ទាំងបីនោះ ដែលចងសម្ព័ន្ធភាពជាច្រើន។
គួររំលឹកថាគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិចធ្លាប់មានប្រវត្តិបែកបាក់គ្នាកាលពីអតីតកាលហើយ ក៏ធ្លាប់ផ្សះផ្សាគ្នាឡើងវិញដែរ ប៉ុន្តែមិនបានបញ្ចប់ភាពមិនចុះសម្រុង និងរួមបញ្ចូលគ្នាឡើងវិញដែរ៕
ដោយៈ ពេលជ័យ