គ.ជ.ប បង្ហាញលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត
ភ្នំពេញៈគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានរៀបចំពិធីចាប់ឆ្នោតយកលំដាប់លេខរៀងគណបក្សនយោបាយចំនួន៤ ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។ ការចាប់ឆ្នោតលេខរៀងនេះ បានធ្វើឡើងនៅទីស្នាក់ការលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតកាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
ការចាប់ឆ្នោតយកលំដាប់លេខរៀងនេះ គឺបន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតបានសម្រេចទទួលស្គាល់ជាផ្លូវការនូវការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយចំនួន៤។
យោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៨ខែឧសភារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានឲ្យដឹងថាលទ្ធផលនៃការចាប់ឆ្នោតលំដាប់លេខរៀងដែលគណបក្សនយោបាយនីមួយៗទទួលបាន មានដូចតទៅ ៖
- គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី១
- គណបក្សយុវជនកម្ពុជា ទទួលបានលេខរៀងទី២
- គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣
- គណបក្សសញ្ជាតិកម្ពុជា ទទួលបានលេខរៀងទី៤
គ.ជ.ប បានបញ្ជាក់ថា ការកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោតនឹងជួយបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយពាក់ព័ន្ធក្នុងការឃោសនាបោះឆ្នោត ហើយជួយឱ្យអ្នកបោះឆ្នោតអាចស្គាល់បានដោយងាយនូវលេខរៀង និងឈ្មោះគណបក្សនយោបាយដែលគាត់ស្រលាញ់ពេញចិត្ត។
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ត្រូវបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដែលបានចាប់ឆ្នោតរួចហើយ ក្នុងរយៈពេលយ៉ាងតិច៤៥ថ្ងៃ មុនថ្ងៃបោះឆ្នោត យោងតាមមាត្រា២៦ នៃច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។
លោក សោម សូរីដា អគ្គលេខាធិការងគណៈកម្មាធិការជាតិរៀបចការបោះឆ្នោតធ្លាប់បានប្រាប់ AMS ថា គណបក្សដែលចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត គឺមានគណបក្សនយោបាយចំនួន៤ បានដាក់ពាក្យសុំចុះបញ្ជីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដាខាងមុខ។ គណបក្សនយោបាយទាំង៤រួមមាន៖
១. គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៥នាក់ សរុបចំនួន ២៨នាក់។
២. គណបក្សសញ្ជាតិកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៥នាក់ សរុបចំនួន ២៨នាក់។
៣. គណបក្សគណបក្សយុវជនកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៣នាក់ សរុបចំនួន ២៦នាក់។
៤. គណបក្សហ៊្វុនស៊ិនប៉ិច បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៣នាក់ សរុបចំនួន ២៦នាក់។
សូមជម្រាបជូនថា សមាជិកក្រុមប្រឹក្សាក្រុងបូកគោ មានចំនួន១៣រូប ហើយអ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ ក្នុងមុខតំណែង មានចំនួន១៧រូប មកពីសង្កាត់ចំនួន៣ នៃក្រុងបូកគោ៕
ដោយៈ ពលជ័យ