អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យកសិករពង្រីកការធ្វើកសិកម្ម ជំនួសការធ្វើចំណាកស្រុក
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានជំរុញឱ្យបងប្អូនប្រជាកសិករខិតខំពង្រីកការដាំដុះនិងបង្កបង្កើនផលជំនួសការធ្វើចំណាកស្រុក ព្រោះប្រពន្ធ័ប្រឡាយបានខិតចូលកាន់តែគៀក និងដីស្រែរបស់បងប្អូនហើយ។ ការមិនចំណាកស្រុកហើយងាកមកចាប់របរធ្វើស្រែបង្កបង្កើនផលគឺអាចឱ្យបងប្អូនមានជីវភាពប្រសើរ និងអាចរស់នៅបានជួបជុំគ្រួសារមិនរស់ក្នុងភាពប្រថុយប្រថាន ក្នុងដំណើរស្វែងរកចំណូលផ្គត់ផ្គង់ គ្រួសារ។ ឯកឧត្តមថ្លែងដូច្នេះធ្វើឡើងក្នុងដំណើរចុះត្រួតពិនិត្យប្រពន្ធ័ប្រឡាយមេ និងស្ថានភាពបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានលើកឡើងថា រយៈពេល៣ឆ្នាំមកនេះមន្ទីរជំនាញបានស្ថាបនាប្រពន្ធ័ប្រឡាយជូនដល់បងប្អូនកសិករបានជាច្រើនខ្សែ ដែលមានប្រវែងជិត៤០គីឡូម៉ែត្រ។ប្រពន្ធ័ប្រឡាយនេះមានលទ្ធភាពស្រោចស្រពលើដីស្រែបងប្អូនប្រជាកសិករបានប្រមាណជាងមួយពាន់ហិកតាគឺ៧០ភាគរយនៃផ្ទៃដីកសិកម្មក្នុងឃុំស្វាយចចិប។
លោក ខៀវ ណាំ ប្រធានសហគមន៍កសិកម្មស្វាយចចិបមានជ័យបានលើកឡើងដែរថា នៅដើមខែវស្សានេះបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍បានត្រៀមរួចរាល់ហើយនូវពួជ និងសម្ភារៈ ផ្សេងៗសម្រាប់ធ្វើស្រូវបង្កើនរដូវ ។ដោយចាប់ពីខែមេសា និង ខែឧសភា នេះគឺបានធ្វើការសាបព្រោះពួជស្រូវសែនក្រអូប និងពួជស្រូវផ្ការំដួល ដែលបច្ចុប្បន្នស្រូវខ្លះបាននិងកំពុងធ្វើការដកស្ទូងបណ្តើរៗ។នៅចុងខែកក្កដានិងដើមខែកញ្ញា បងប្អូនប្រជាកសិករក្នុងសហគមន៍អាចច្រូតកាត់ប្រមូលផលបានហើយ។
លោក បានបញ្ជាក់ថា កាលពីមុនបងប្អូនប្រជាពលរដ្ឋក្នុងឃុំនេះភាគច្រើនជ្រើសរើសការធ្វើចំណាកស្រុកដើម្បីរកចំណូលចិញ្ចឹមគ្រួសារ ដោយទុកដីស្រែចោល។តែក្រោយមានវិបត្តជំងឺកូវីដ-១៩ និងដោយមានការណែនាំពីសហគមន៍ពិសេសក្រោមការរៀបចំឱ្យមានប្រពន្ធ័ប្រឡាយស្រោចស្រពពួកគាត់បានងាក់មកធ្វើស្រែបង្កើនរដូវវិញ។នេះជាឆ្នាំទីពីរហើយដែលពួកគាត់រីករាយក្នុងមុខរបរធ្វើស្រូវបង្កើនរដូវនេះព្រោះឆ្នាំទីមួយពួកគាត់អាចរកកម្រៃបានគួរសមដោយមួយហិកតាអាចប្រមូលផលបានពី៣តោនទៅ៣តោនកន្លះ ហើយអាចលក់បានក្នុងមួយគីឡូ១១៥០រៀលទៅ១២០០រៀល ចំពោះទីផ្សារអត់ពិបាកទេគឺមានរោងម៉ាស៊ីនចាំទទួលទិញរួចស្រេច។
អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង ក៏បានថ្លែងកោតសរសើរដល់មន្ទីរធនធានទឹកនិងឧតុនិយមដែលបានខិតខំរុញទឹកទៅកាន់តែជិតដីស្រែបង ប្អូនប្រជាកសិករដើម្បីឱ្យបងប្អូនអាចមានឱកាសបង្កបង្កើនផលទាញយកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារដោយមិនបាច់ប្រថុយប្រថាននិងកាត់ផ្តាច់ពីការឆ្លងជំងឺកូវីដ-១៩៕ម៉ុន សំអាត