ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសកម្ពុជា ជួបពិភាក្សាជាមួយប្រធានគណៈទាក់ទងបរទេសថ្មីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានជួបពិភាក្សា ការងារជាមួយឯកឧត្តម ឡេ ហាយជុង (Le Hoai Trung) ប្រធានគណៈទាក់ទងបរទេសថ្មីនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឲ្យដឹងថា កិច្ចប្រជុំនេះសំដៅរួមចំណែកពូនជ្រំនិងលើកកម្ពស់ទំនាក់ទំនង មិត្តភាពជាប្រពៃណីសាមគ្គីភាពនិងសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្សនិងប្រជាជននៃប្រទេសទាំងពីរដែលមានស្រាប់ឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។

ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរចំពោះឯកឧត្តម ឡេហាយជុងដែលត្រូវបាន ថ្នាក់ដឹកនាំនៃបក្សកុម្មុយនីស្តវៀតណាមតែងតាំងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ នីស្តវៀតណាមដែលពិតជាបានឆ្លុះបញ្ចាំងនូវជំនឿជឿជាក់និងទំនុកចិត្តពីសំណាក់បក្សកុម្មុយនីស្តវៀតណាម មកលើបទពិសោធន៍ និងសមត្ថភាពដ៏ប៉ិនប្រសប់របស់ឯកឧត្តមក្នុងកិច្ចការបក្សនិងរដ្ឋាភិបាលព្រមទាំងបានសម្ដែង សារជាថ្មីនូវអំណរសាទរដ៏កក់ក្តៅចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនីសវៀតណាម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរចំពោះវៀតណាមដែលបានគ្រប់គ្រងដោយជោគជ័យ ជំងឺរាតត្បាតកូវីដ ១៩ ហើយ ដែលសម្រេចបានកំណើតសេដ្ឋកិច្ចវិជ្ជមាននៅឆ្នាំ២០២០ក្នុងខណៈដែលពិភពលោក ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនិងឱនភាពខ្លាំង។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានអបអរសាទរចំពោះវៀតណាមដែលបានបំពេញតួនាទីនិងអាណត្តិរបស់ខ្លួនប្រកបដោយជោគជ័យក្នុងនាមជាប្រធានអាស៊ាននិងក្នុងឋានៈជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner