ការស្តារប្រព័ន្ធប្រឡាយមេសំខាន់ៗ នៃទំនប់អាង កំពីងពួយ ចំនួន១០ខ្សែ ក្នុងខេត្តបាត់ដំបង

ការស្តារប្រព័ន្ធប្រឡាយមេសំខាន់ៗ នៃទំនប់អាង កំពីងពួយ ចំនួន១០ខ្សែ ក្នុងខេត្តបាត់ដំបង និងផ្តល់ផលប្រយោជន៍ ក្នុងការស្រោចស្រពដំណាំស្រូវ បានប្រមាណជាង០១ម៉ឺនហិកតា ព្រមទាំងដាំដុះដំណាំឆ្លងកាត់និងដំណាំឈើហូបផ្លែមួយចំនួន។

មន្ត្រីគ្រប់គ្រង និងទទួលខុសត្រូវ ក្នុងការអនុវត្ត នូវគំរោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម នៃ ប្រព័ន្ធប្រឡាយមេសំខាន់ៗទំនប់អាងទឹកកំពីងពួយ ខេត្តបាត់ដំបង អះអាងថា៖ក្រោយបញ្ចប់នូវគំរោងនេះ ប្រជាកសិករក្នុងស្រុកចំនួន៣ របស់ខេត្តនិងទទួលបានប្រភពទឹកគ្រប់គ្រាន់ ក្នុងកាស្រោចស្រពនូវដំណាំស្រូវនិងចម្ការយ៉ាងហោចណាស់ ជាង១ម៉ឺនហិកតា ព្រមទាំងផ្តល់ភាពអនុគ្រោះដល់បងប្អូនកសិករនៅទីនេះអាចធ្វើស្រែបាន២ទៅ៣ដង ក្នុងមួយឆ្នាំ រួមជាមួយនិងការដាំដុះដំណាំឆ្លងកាត់ និង ចម្ការឈើហូបផ្លែទៀតផង។

ការថ្លែងលើកឡើងរបស់មន្ត្រីអនុវត្តគម្រោងផ្ទាល់ នៅថ្ងៃទី២១ ខែឩសភាឆ្នាំ២០២១បែបនេះ គឺក្នុងឱកាសដែលឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ របស់រដ្ឋបាលខេត្ត ដោយមានវត្តមានអមដំណើរដោយឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធសំខាន់ៗរួមមាន៖ ប្រធានមន្ទីរធនធានទឹកខេត្ត, មន្ទីរកសិកម្មខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត,មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត,មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត,ប្រធានអង្គភាពរដ្ឋាករទឹកខេត្ត និងអង្គភាពស៊ីម៉ាក់ភូមិភាគទី២ ព្រមទាំងមន្ត្រីសាលាខេត្តបាត់ដំបងមួយចំនួន។ ដើម្បីចុះពិនិត្យមើលគំរោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម ដែលផ្តល់ដោយរាជរដ្ឋាភិបាល តាមរយៈនៃក្រសួងធនធានទឹកនិងឧតុនិយមហើយក៏ជាគម្រោងឥណទានសម្បទាន និងជំនួយហិរញ្ញប្បទាន របស់ ADB ដើម្បីធ្វើការអភិវឌ្ឍនូវក្នុងការស្តារនិងការរៀបចំកែលម្អនូវប្រព័ន្ធប្រឡាយមេខាន់ៗ ក្នុងការទាញយកប្រភពទឹកពីទំនប់អាងកំពីងពួយ ដែលស្ថិតក្នុងស្រុកបាណន់ខេត្តបាត់ដំបង ដើម្បីធ្វើការបែងចែកទៅកាន់ស្រុកចំនួន៣ដូចជា៖ ស្រុកបាណន់, ថ្មគោល និងស្រុកបវេល របស់ ខេត្តបាត់ដំបង ជាដើម។ល។និងដោយឡែកទំនប់ស្ទាក់និងបង្ហៀរទឹកមួយកន្លែង ស្ថិតក្នុងឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដែលអាចផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ ក្នុងការប្រើប្រាស់សំរាប់ជីវភាពរស់នៅប្រចាំថ្ងៃដែលកន្លងមកជួបការលំបាកខ្លាំងពីការខ្វះទឹកប្រើប្រាស់នៅក្នុងរដូវប្រាំង។ថែមទាំងអាចប្រើប្រាស់នូវតម្រូវការស្រោចស្រពដំណាំស្រូវនិងចម្ការ បានប្រមាណ ២ពាន់ហិកតា ផងដែរ។

លោក វង៎ តារា ប្រធានក្រុមទីប្រឹក្សាបច្ចេកទេសប្រចាំគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្មនៃ ក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ឲ្យដឹងផងដែរថា៖តាមរយៈឥណទានសម្បទាន និងជំនួយហិរញ្ញប្បទា របស់ADB ដើម្បីធ្វើការអភិវឌ្ឍនិងរៀបចំកែលម្អស្តារឡើងវិញនូវប្រព័ន្ធប្រឡាយមេសំខាន់ៗមួយចំនួននៃទំនប់អាងទឹកកំពីងពួយ ដែលកំពុងតែមមាញឹកនេះ បានចាប់ផ្តើមអនុវត្តសំណង់សិល្បៈការរបស់ខ្លួន ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២២ខាងមុខ។លោកបានបន្ថែមទៀតថាៈគំរោងនេះមានទំនប់ប្រឡាយ សរុបចំនួន១០ខ្សែ ប្រវែងប្រមាណ៩៦គីឡូម៉ែត្រ ដោយចែកចេញជា៖ប្រឡាយបេតុងប្រវែងជាង២៦គីឡូម៉ែត្រនិងប្រឡាយដីជាង៦០គីឡូម៉ែត្រ។ក្នុងនោះក៏មានរៀបជាជំរាលថ្មនៅតាមមាត់ច្រាំងអាងទំនប់កំពីងពួយ ប្រវែងជាង៤គីឡូម៉ែត្រផងដែរ។

លោកប្រធានក្រុមទីប្រឹក្សាបច្ចេកទេសប្រចាំគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយមក៏បានបន្ថែមទៀតថានៅក្រោយពីការកែលម្អនិងស្តារនូវប្រព័ន្ធប្រឡាយទំនប់កំពីងពួយរួចរាលជាស្ថាពរហើយនោះវានិងផ្តល់នូវអត្ថប្រយោជន៍សម្រាប់ធានាដល់ការផ្គត់ផ្គង់ក្នុងការស្រោចស្រពដំណាំស្រូវ និង ដំណាំចម្ការមួយនៅក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកបាណន់, ថ្មគោល និងស្រុកបវេល លើផ្ទៃដីដាំដុះដំណាំស្រូវ ប្រមាណ ១២.០០០ហិកតា។

ក្រោយពីបញ្ចប់ការចុះពិនិត្យមើលគំរោងកែលម្អប្រព័ន្ធប្រឡាយធារាសាស្ត្រទំនប់អាងកំពិងពួយ ក្នុងស្រុកបាណន់និងបណ្តាស្រុកពាក់ព័ន្ធជាមួយនិងគម្រោង ក្នុងនោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងក្រុមការងារអមដំណើរ បានបន្តដំណើរចុះពិនិត្យមើលទំនប់បង្ហៀរនិងស្ទាក់ទឹក មួយកន្លែងក្នុងភូមិសាស្ត្រឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដែលបាននិងកំពុងដំណើរការសាងសង់ និងក្រោយពីបញ្ចប់នូវការសាងសង់ វាអាចជួយផ្គត់ផ្គង់ដល់ការប្រើប្រាស់និងជីវភាពរស់នៅរបស់ប្រជាជននៅទីនេះចំនួន០២ឃុំ ដូចជា៖ ឃុំតាក្រីនិងឃុំអូរដា នៃស្រុកកំរៀង របស់ខេត្តបាត់ដំបងហើយថែមទាំងអាចផ្គត់ផ្គង់ពីតម្រូវការចាំបាច់ ក្នុងការស្រោចស្រពដំណាំស្រែ-ចម្ការ ប្រមាណ ២ពាន់ហិកតា របស់ប្រជាពលរដ្ឋ និងប្រជាកសិករ ដែលរស់នៅទាំង២ឃុំខាងលើ នៅទីនេះទៀតផង៕ ( អត្ថបទ – រូបភាព៖ អ៊ុក សំអាន បប )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner