រដ្ឋបាលខេត្តប៉ៃលិន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់

អត្ថបទដោយ៖
ធី ដា

ខេត្តប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ជម្រាបជូនដល់សាធារណជនថា ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០២ករណី គឺ ៖ ទី១. ឈ្មោះ ស៊ុ សោភ័ណ ភេទស្រី អាយុ៤១ឆ្នាំ (ម្តាយ) ជាមេផ្ទះ ទី២. ឈ្មោះ ណាត ម៉េងរក្សា ភេទប្រុស អាយុ១៣ឆ្នាំ (កូន) ជាសិស្ស ។

ប្រភពបន្តទៀតថា ទាំងពីរនាក់ខាងលើត្រូវជាប្រពន្ធ និងជាកូនរបស់ឈ្មោះ គីម បូនី ភេទប្រុស ជាងដែក មានវិជ្ជមានជំងឺកូវីដ-១៩ រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ មុនដំបូង អ្នកជំងឺទាំងពីរនាក់ម្តាយ និងកូន មានការប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ គីម បូនី ហើយគាត់នេះ ធ្លាប់មានការប៉ះពាល់ជាមួយ អ្នកជំងឺម្នាក់ទៀត ឈ្មោះ នុម ដុង ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នកចែកចាយជីកសិកម្ម ឱ្យក្រុមហ៊ុនគោខ្មែរ ដែលមកពីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានស្នាក់នៅក្នុងខេត្តប៉ៃលិន ចំនួន០២យប់ គឺកាលពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ។

ប្រភពដដែលបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី២០ ឧសភា ឆ្នាំ២០២១ ឈ្មោះ គីម បូនី រួមជាមួយភរិយា និងកូន ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានរដ្ឋបាលខេត្តប៉ៃលិនតម្រូវឱ្យធ្វើចត្តាឡីស័ក នៅនឹងគេហដ្ឋានរបស់ខ្លួន។ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តប៉ៃលិន ក៏បានរកឃើញអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានខាងលើបន្តបន្ទាប់ទៀតមានចំនួន៦នាក់៖ ១. ឈ្មោះ ណាត ម៉េងជូ ភេទស្រី អាយុ២០ឆ្នាំ ជាសិស្ស ទី២. ឈ្មោះ ណាត មុយទៀង ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្ស ទី៣. ឈ្មោះ ណាត ម៉េងអាន ភេទប្រុស អាយុ០៧ឆ្នាំ ជាសិស្ស ទី៤. ឈ្មោះ ស៊ិន សេង ភេទបុ្រស អាយុ២៥ឆ្នាំ ជាងផ្សារដែក ទី៥. ឈ្មោះ ខុម ខន ភេទប្រុស អាយុ២០ឆ្នាំ ជាងផ្សារដែក ទី៦. ឈ្មោះ វី សាវីន ភេទប្រុស អាយុ២៣ឆ្នាំ ជាងផ្សារដែក ។

អ្នកទាំង៦នាក់ បានយកវត្ថុសំណាកទៅពិនិត្យ ដើម្បីរកជំងឺកូវីដ-១៩ លទ្ធផលអវិជ្ជមាន ប៉ុន្តែមន្រ្តីសុខាភិបាលបានតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃផងដែរ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តប៉ៃលិន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់មានការប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកទាំងអស់ខាងលើ សូមតាមដានសុខភាព និងត្រូវយកសំណាកទៅពិនិត្យនៅមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។ ជាមួយគ្នានេះរដ្ឋបាលខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងគោរពវិធានការ«៣ការពារ ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់៕ ចិន្ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner