លោក ផាន់ ច័ន្ទសាក់៖ អ្នកដែលរិះគន់លោក គឺមិនបានសិក្សាអំពីទិដ្ឋភាពចំនួន២

ភ្នំពេញៈ លោក ផាន់ ច័ន្ទសាក់ មេធាវីការពារលោក កឹម សុខា និងជាអតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ បានឆ្លើយតបចំពោះអ្នករិះគន់លោក ដែលលោកបានសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះ គឺលោក មិនចាប់អារម្មណ៍ចំពោះមតិរិះគន់មកលើរូបលោក និងលោក ប៉ុល ហំម នោះទេ។

លោក ផាន់ ច័ន្ទសាក់ ទើបទទួលបាននូវនីតិសម្បទានយោបាយកាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅនេះ។ លោកបានប្រាប់ AMS តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២១ ខែឧសភាថា នៅក្នុងសង្គមប្រជាធិបតេយ្យ ការផ្លាស់ប្តូរគណបក្សនយោបាយ ការផ្លាស់ប្តូរទស្សនៈនយោបាយ ការយល់ឃើញអំពីនិន្នាការនយោបាយ វាជាសេរីភាពដែលពលរដ្ឋម្នាក់ៗ ដែលត្រូវបាន ការពារដោយរដ្ឋធម្មនុញ្ញ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះ អ្នកដែលរិះគន់អំពីទស្សនៈនយោបាយ គោលជំហរ នយោបាយ ឬក៏និន្នាការនយោបាយ គេហៅថា មនុស្សដែលអត់បានសិក្សាស្វែងយល់អំពីទិដ្ឋភាព២។ ទិដ្ឋភាពទី១. មិនបានសិក្សាស្វែងយល់អំពីច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា និងទិដ្ឋភាពទី២.មិនបានសិក្សាអំពីទិដ្ឋភាពសង្គម គឺសង្គមរងបស់យើង ជាសង្គមប្រជាធិបតេយ្យ សេរី និងពហុបក្ស។ ហេតុនេះវាអត់មានអីដែលត្រូវចម្លែកទេ ព្រោះអ្នកដែលរិះគន់ហ្នឹងអត់បានមើលទិដ្ឋភាពពីរហ្នឹងទេ។ ពីរហ្នឹង ដែលជាមូលដ្ឋានគ្រឹះរបស់ប្រទេសជាតិ។

(រូបឯកសារ)

លោកបានបញ្ជាក់ថា “លើកលែងតែប្រទេសយើងស្ថិតក្នុងរបបឯកបក្ស ឬក៏របបកុម្មុយនីស្ត ឬក៏របបដូចជា នៅកូរ៉េខាងជើង ឬក៏វៀតតណាម ឡាវ អាហ្នឹងបានការផ្លាស់ប្តូរការផ្លាស់ប្តូរទស្សនៈនយោបាយចេញពីបក្សនីមួយៗ វាជាការក្បត់។ វាជារឿងដែលត្រូវវ៉ៃប្រហារិះគន់។ តែសង្គមយើងសង្គមប្រជាធិបតេយ្យ សេរី ពហុបក្សដូចជាជាអត់មានអីចម្លែកទេ ហើយអ្នកដែលរិះគន់នឹងអត់បានមើលទិដ្ឋភាពសង្គមពីរជ្រុង ដែលខ្ញុំបានលើកឡើងខាងដើម”។

ទាក់ទងជំហរនយោបាយ លោកផាន់ ច័ន្ទសាក់ បានបញ្ជាក់ថា លោកបានចូលរួមគាំទ្រគណបក្សនយោបាយថ្មីមួយ គឺគណបក្សកែទម្រង់កម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោក អ៊ូ ច័ន្ទរ័ត្ន និងឥស្សរជននយោបាយមួយចំនួនទៀត ដែលសុំសិទ្ធិធ្វើនយោបាយ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំបានចូលរួមគាំទ្រគណបក្សនយោបាយថ្មីមួយ ដែលផ្តួចផ្តើមឡើងដោយឥស្សរជននយោបាយមកពីអតីតសង្គ្រោះជាតិ ដែលបានសុំសិទ្ធិធ្វើនយោបាយកន្លងមក បានបង្កើតគណបក្សកែទម្រង់។ ក្នុងនោះក៏មានឯកឧត្តម អ៊ូ ច័ន្ទរ័ត្ន និងឥស្សរជនដែលសុំសិទ្ធិធ្វើនយោបាយមុនៗ នៅក្នុងប្រទេស និងក្រៅប្រទេស បានរួមគ្នាបង្កើតគណបក្សកែទម្រង់ ហើយឯកឧត្តម ប៉ុល ហំម ក៏គាត់មាននិន្នាការគាំទ្រ គណបក្សកែទម្រង់។ ហើយខ្ញុំក៏បានប្រកាសហើយថាខ្ញុំនឹងចូលរួមបន្តអាជីពនយោបាយក្នុងគណបក្សកែទម្រង់ដែរ”។

ជាមួយគ្នានេះ លោក ផាន់ ច័ន្ទសាក់ ក៏បានសូមថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ដែលបានផ្តល់នីតិសម្បទាដល់រូបលោក និងលោក ប៉ុល ហំម បានមានសិទ្ធិធ្វើនយោបាយឡើងវិញ៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner