មនុស្ស២នាក់បានស្លាប់និងរបួសក្នុងករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននៅខេត្តបាត់ដំបង
សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍នោះបានកើតឡើងនារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ នៅភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ យោងតាមហ្វេសប៊ុកផេករបស់ អគ្គនាយកស៊ីម៉ាក់ លោកហេង រតនា បានអោយដឹងថា មានករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ដែលបណ្តាឱ្យស្លាប់ប្រជាពលរដ្ឋម្នាក់និងរងរបួសធ្ងន់ម្នាក់ ព្រមទាំងបំផ្លាញគោយន្តមួយគ្រឿងទាំងស្រុង ខណៈពេលដែលជនរងគ្រោះកំពុងបើកបរគោយន្តធ្វើដំណើរ ដើម្បីទៅកាត់ស្មៅឱ្យចំណីគោ។
គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ CMVIS បានចុះយកព័ត៌មាន នៅទីកន្លែងគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលមានឧប្បត្តិហេតុគ្រោះថ្នាក់ ២១លើក និងមានប្រជាពលរដ្ឋចំនួន ២៤នាក់បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម តួលេខនេះបានថយចុះ ២៥% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។
ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រុមការងារ CMVIS បានចុះផ្តល់សារអប់រំ កាត់បន្ថយគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋចំនួន ១ពាន់៧១៥នាក់ ដែលកំពុងរស់នៅ តាមតំបន់ដែលមានហានិភ័យ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ជាមួយគ្នាផងដែរ CMVIS បានរាយការណ៍ផ្តល់ព័ត៌មាន ពីទីតាំងគ្រាប់ នៅតាមមូលដ្ឋានបានចំនួន ៥៦គ្រាប់ ទៅប្រតិបត្តិករសកម្មភាពមីន ដើម្បីយកចេញ និងកម្ទេចចោល៕