កម្ពុជានឹងរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅចុងខែវិច្ឆិកាឆ្នាំនេះ

ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឯកភាពកំណត់យកកាលបរិច្ឆេទ គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ( ASEM13)។ នេះបើតាមការបញ្ជាក់របស់លោក កុយ ដាវីត អនុប្រធានប្រចាំការនៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល អាស៊ីអឺរ៉ុបលើកទី១៣។

ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី២៧ ឧសភានេះថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា»។ កិច្ចប្រជុំអាស៊ី-អឺរ៉ុប ជាវេទិកាសន្ទនាដែលមានគោលដៅជំរុញ និងលើកស្ទួយកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសអាស៊ី និងអឺរ៉ុប ដែលឈរលើគោលការណ៍ស្មើភាពគ្នា និងដើម្បីប្រយោជន៍រួម។ សមាជិកនៃវេទិកានេះមានប្រទេសអាស៊ី និងអឺរ៉ុបសរុបទាំងអស់ ៥១ បូកជាមួយលេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប។

សូមរម្លឹកថា តាមគម្រោងកម្ពុជាត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០នៅរាជធានីភ្នំពេញ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា»។ ប៉ុន្តែដោយសារមានការឆ្លងរាលដាលនៃជំងឺកូវីដ រាជរដ្ឋាភិបាលក៏បានលើកពេលនៃកិច្ចប្រជុំនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់បានបញ្ជាក់ថា កម្ពុជាក៏នឹងរៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលចំនួន០៧ រួមមានៈ (១) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (២) វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប (៣) កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងមូលនិធិអាស៊ី-អឺរ៉ុប (៤)វេទិកាតុមូលនិពន្ធ នាយកមូលនិធិអាស៊ី-អឺរ៉ុប(៥)វេទិកាការងារអាស៊ី-អឺរ៉ុប (៦)វេទិកាប្រជាជនអាស៊ី-អឺរ៉ុប និង(៧)មហោស្រពវប្បធម៌កិច្ចប្រជុំអាស៊ី-អឺរ៉ុប។ ជាកិច្ចបញ្ចប់ អង្គប្រជុំទាំងមូល សំដែងការសារទរ និងរង់ចាំចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅរាជធានីភ្នំពេញ។

រដ្ឋមន្រ្តីក្រសួងការបរទេសបានបន្តថា កិច្ចប្រជុំអាស៊ី-អឺរ៉ុប ជាវេទិកាសន្ទនាដែលមានគោលដៅជំរុញនិងលើកស្ទួយ កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសអាស៊ី និងអឺរ៉ុប ដែលឈរលើគោលការណ៍ស្មើភាពគ្នា និងដើម្បីប្រយោជន៍រួម។ សមាជិកនៃវេទិកានេះមានប្រទេសអាស៊ី និងអឺរ៉ុបសរុបទាំងអស់ ៥១បូកជាមួយលេខាធិការដ្ឋានអាស៊ាន និង សហភាពអឺរ៉ុប។ នេះគឺជាលើកទី១ហើយ តាំងពីឆ្នាំ១៩៩៦មក ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលរៀបដែលរៀបចំធ្វើ២ឆ្នាំម្តង។ កិច្ចប្រជុំនេះ គឺជាការបើកផ្លូវឲ្យមានជំនួបពិភាក្សាក្នុងក្របខ័ណ្ឌតំបន់ និងសកលលោកទាំងមូល រួមមានទាំងបញ្ហានយោបាយ ការទូត ការអភិវឌ្ឍ បរិស្ថាន អាកាសធាតុ ការលើកកម្ពស់សមភាពស្រ្តី និងកុមារី ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអាស៊ី និងអឺរុប សន្តិសុខ ការទប់ស្កាត់ភេរវកម្ម ជនអន្តោប្រវេសន៍ សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យាជាដើម៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner