វត្តចំនួនពីរ ក្នុងស្រុកស្វាយលើ ដែលជួបការខ្វះខាតក្នុង​បរិបទ​ជម្ងឺ​កូវិដ១៩ ទទួលបានទេយ្យទាន ពីរដ្ឋបាលខេត្តសៀមរាប

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០២១ បាននាំយកនូវទេយ្យទាន ជាគ្រឿងឧបភោគ បរិភោគ យកទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តចំនួនពីរ ក្នុងស្រុកស្វាយលើ ដែលជួបការខ្វះខាតក្នុងបរិបទនៃជម្ងឺកូវិដ១៩ មានវត្តព្រះអង្គជប់ និងវត្តប្រាសាទសង្កែសឹង្ហ ។ ពិធីវេរប្រគេននេះបានប្រព្រឹត្តនៅវត្ត ព្រះអង្គជប់ ស្ថិតក្នុងភូមិតាហាន ឃុំខ្នងភ្នំ ស្រុកស្វាយលើ ។

លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានបញ្ជាក់ថា វត្តព្រះអង្គជប់ ជាវត្តមួយស្ថិតនៅនឹងចង្កេះភ្នំគូលែន ក្នុងតំបន់ឧទ្យានជាតិ ភ្នំគូលែន និងវត្តប្រាសាទសង្កែសឹង្ហ ជាវត្តអត្តខាតមួយ ស្ថិតនៅភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ក្នុងតំបន់ព្រៃភ្នំជាប់ខេត្តព្រះវិហារ  ។

ឯកឧត្តម ពៅ ពិសិដ្ឋ ក៏បានគូសបញ្ជាក់ថា ក្នុងពេលដែលនៅលើពិភពលោក ក៏ដូចនៅកម្ពុជាបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ច សំខាន់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចព្រះសង្ឃនៅតាមទីវត្តអារាមដាច់ស្រយាលផងដែរ ។ ដោយបញ្ហានេះ ប្រមុខរាជរដ្ឋាភិ    បាល ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជម្ងឺកូវិដ១៩ កុំឲ្យមានការឆ្លងរាលដាលជាសហគមន៍ ។ ឯកឧត្តមក៏បានលើកផងដែរថា រដ្ឋបាលខេត្ត ក្រៅពីប្រជាពលរដ្ឋជួបការខ្វះខាត ក៏តែងតែគិតដល់តាមទីវត្តអារាម ហើយមកដល់ថ្ងៃនេះមាន ៣២វត្ត និង ៦អាស្រមនៅទូទាំងខេត្ត បានទទួលទេយ្យទាន  ជាគ្រឿងឧបភោគបរិភោព្រមទាំង សម្ភារៈប្រើប្រាស់ ក្នុងបរិបទនៃជម្ងឺកូវិដ១៩នេះ ។ 

 ក្នុងនោះដែរឯកឧត្តម ក៏បានសំណូមពរដល់ព្រះសង្ឃគ្រប់វត្ត ពុទ្ធបរិស័ទ ក៏ដូចអាជ្ញាធរ ឃុំ ភូមិ ត្រូវបង្កើនការយកចិត្តអប់រំ ផ្សព្វផ្សាយបន្តដល់ប្រជាពុទ្ធបរិស័ទ ពីវិធានការរបស់រាជរដ្ឋាភិបាល  ៣កុំ ៣ការពារ និង ២ចូលរួម និងសេចក្តីណែនាំ វិធានការរបស់ក្រសួងសុខាភិបាល  ពីព្រោះថា(កូវិដវាមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវិដ) ។ ម៉្យាងទៀតសូមព្រះគ្រូចៅអធិការ ជួយធ្វើការ ពន្យល់ណែនាំដល់ប្រជាពុទ្ធបរិស័ទ ឲ្យបញ្ឈប់ការកាប់ទន្ទ្រានព្រៃយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយតំបន់ភ្នំគូលែននេះ ជាតំបន់ឧទ្យានជាតិ នៃរមណីយដ្ឋានវប្បធម៌ និងធម្មជាតិ ដែលបានបង្កប់នូវសម្បត្តិវប្បធម៌ ប្រពៃណី សាសនា និងជាប្រភពចំណូលមិនចេះរីងស្ងួតរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះផងដែរ ។

 គ្រឿងឧបភោគ បរិភោគ និងសម្ភារៈ រួមទាំងបច្ចយ័បានវេរប្រគេនដល់វត្តនីមួយៗ រួមមាន អង្ករចាប់ពី ៣០០គីឡូក្រាម មី ,ទឹកសុទ្ធ ,ទឹកត្រី ,ទឹកស៊ីអ៊ីវ , ត្រីខ , ស្ករស  ,ទឹកដោះគោ ភេសជ្ជៈជាដើម និង អាល់កុល សម្រាប់ប្រើប្រាស់ក្នុងវិធានអនាម័យ រួមទាំងបច្ច័យ វត្តនីមួយៗទទួលបាន ២លានរៀលផងដែរ ៕

                                                                                   ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner