រាជធានីភ្នំពេញ រកឃើញអ្នកឆ្លងកូវីដថ្មី២៩៩នាក់ (Video Inside)
រាជធានីភ្នំពេញ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៩៩នាក់ ដែលជាចំនួនធ្លាក់ចុះតិចតួចបើប្រៀបធៀបនឹង ម្សិលមិញ។ កាលពីថ្ងៃទី២៦ឧសភា ការឆ្លងចូលក្នុងរាជធានីមានចំនួន៣១០នាក់ ចំណែកការឆ្លងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានតួលេខថយចុះ១១នាក់។ គិតចាប់តាំងពីដើមសប្តាហ៍ថ្ងៃច័ន្ទនោះមក ការឆ្លងក្នុង រាជធានីភ្នំពេញ មានសរុប១ពាន់១១៤នាក់ហើយ ដែលជាតួលេខបង្ហាញការមិនទាន់ធូរស្បើយនៅឡើយទេក្នុង ការឆ្លងចូលនៅរាជធានីភ្នំពេញនេះ។
ការផ្ទុះឆ្លងខ្លាំងត្រូវគេរកឃើញកើតមានក្នុងបណ្តារោងចក្រខ្លះដោយសារ តែម្ចាស់រោងចក្រនិងសហគ្រាស មិនបានអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឡើយ។ ការឆ្លងលើមនុស្សចំនួន២៩៩នាក់ នៅថ្ងៃនេះ ត្រូវគេរកឃើញក្នុងខណ្ឌទំាង ១៤ ទូទំាងរាជធានីភ្នំពេញ។ ក្នុងនោះខណ្ឌដែលរកឃើញឆ្លងច្រើនជាងគេ គឺខណ្ឌមានជ័យ ដែលមានចំនួនច្រើន ដល់ទៅ១០២នាក់ ភាគច្រើនជាងកម្មកររោងចក្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ និងស្ទឹងមាន ជ័យ៣។ ខណ្ឌដែលរកឃើញឆ្លងច្រើន បន្ទាប់ពីខណ្ឌមានជ័យ គឺខណ្ឌឬស្សីកែវ ៥៩នាក់ ដែលភាគច្រើន ជាពល រដ្ឋរស់នៅក្នុងភូមិបាក់ទូក និងភូមិចុងខ្សាច់ នៃសង្កាត់ទួលសង្កែ១។ បន្ទាប់មក គឺខណ្ឌសែនសុខ ចំនួន៣១ករណី ដែលភាគច្រើនជាកម្មកររោងចក្រ នៅសង្កាត់ឃ្មួញ។
រដ្ឋបាលរាជធានីភ្នំពេញកាលយប់ថ្ងៃទី២៦ឧសភា ទើប បានប្រកាសបន្ថែមទៀតនូវ តំបន់លឿងទុំ តាមតំបន់ខ្លះ ដែលរកឃើញមានការផ្ទុះជម្ងឺកូវិដ១៩ ជាថ្មី ក្នុងនោះ មានផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះ នៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ៕