អតីតមន្ត្រី​ជាន់ខ្ពស់ៈ​តើ​មូលនិធិ​ជាង ៧០​ម៉ឺន​ដុល្លារ​សម្រាប់​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យនៅឯណា​?

ភ្នំពេញៈ លោក​មុត ចន្ថា អតីត​ប្រធាន​ខុទ្ទកាល័យ​លោក​កឹម សុខា ដែល​ទើប​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​បានបង្ហាញ នូវ​ការយល់ឃើញថា ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរ​ឱ្យទាន់​ពេលវេលា​ក្នុង​វិបត្តិ​ចំពោះមុខ​គួរតែ​ឱ្យ​លោក យឹម សុវណ្ណ និង​លោក គី វណ្ណដា​រ៉ា បង្វែរ​ថវិកា​របស់​ទូ​រទស្ស​ន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ ដែលជា​ថវិកា​បានមកពី​ការបរិច្ចាគ​របស់​ប្រជាពលរដ្ឋ ដើម្បី​យកមក​ជួយ​ពួកគាត់​វិញ​។​ ​

លោក មុត ចន្ថា (រូបថតឯកសារ)

​លោក មុត ចន្ថា បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៥ គណបក្ស​សង្គ្រោះ ជាតិ បាន​បើក​ប្រមូល​ជំនួយ​ពី​សាធារណជន ដើម្បី​គាំទ្រ​គម្រោង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នូវ​មូលនិធិ​បង្កើត​«​ទូរទស្សន៍ ព្រះអាទិត្យ​» ឬ “SUNTV”​។​គិត​ត្រឹម​ខែកញ្ញា​ឆ្នាំ​២០១៥​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូលបាន​ថវិកា​ដែល​បានមកពី​ការបរិច្ចាគ ថវិកា​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៧០​ម៉ឺន​ដុល្លារ​អាមេរិក​។ នៅក្រោយ​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​និង​បន្ត​មក ទៀត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ​ដោយ​តុលាការ​កំពូល​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៧​តាម​បណ្តឹង​របស់​គណបក្ស ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា​រួចមក ថវិកា​របស់​គណបក្ស និង​មូលនិធិ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ត្រូវបាន​ដក ចេញពី​គណនី​ធនាគារ​ស្ងាត់បាត់​ឈឹង​។

​លោក​បាន​បញ្ជាក់ថា មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ០៣​រូប ដែលមាន​សិទ្ធិ​ចុះហត្ថលេខា​លើ Cheque​ដើម្បី​ដក ប្រាក់​ពី​ធនាគារ គឺ​១. លោក កឹម សុខា ប្រធាន​គណបក្ស​, ២. លោក យឹម សុវណ្ណ​ប្រធាន​គណៈកម្មការ​ធិ​ការប្រតិបត្តិ គណបក្ស និង​៣. លោក គី វណ្ណដា​រ៉ា អគ្គ​ហិ​រញ្ញឹក​គណបក្ស​។ ប៉ុន្តែ​ខណៈដែល​លោក កឹម សុខា​កំពុង​ជាប់ឃុំ​នៅ ពន្ធនាគារ​ត្រពាំង​ថ្លុ​ង ខេត្ត​ត្បូងឃ្មុំ គឺមាន​តែ​លោក យឹម សុវណ្ណ និង​លោក គី វណ្ណដា​រ៉ា ប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​ចុះ ហត្ថលេខា​ដក​ប្រាក់​ទាំង​អស់ពី​គណនី​ធនាគារ​។

​លោក​មុត ចន្ថា បាន​បន្តថា “​ខ្ញុំ​ឃើញ​លោក សម រ​ង្ស៉ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាននិងកំពុង​លក់​ប័ណ្ណ​នាឡិកា ដោយ​អះអាងថា ដើម្បី​យក​ថវិកា​មកជួយ​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​កម្ពុជា​។ ខ្ញុំ​យល់ថា ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរ​ឱ្យទាន់​ពេលវេលា​ក្នុង​វិបត្តិ​ចំពោះមុខ គួរតែ​ឱ្យ​លោក យឹម សុវណ្ណ និង​លោក គី វណ្ណដា​រ៉ា​បង្វែរ​ថវិកា របស់​ទូរទស្សន៍​ព្រះអាទិត្យ ដែលជា​ថវិកា​បានមកពី​ការបរិច្ចាគ​របស់​ប្រជាពលរដ្ឋ ដើម្បី​យកមក​ជួយ​ពួកគាត់​វិញ​។ ម្យ៉ាងវិញទៀត ថវិកា​ជាង ៣០​ម៉ឺន ដុល្លារ ដែល​ប្រមូលបាន​ពី​ផែនការ​មាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩​គួរ​បញ្ចេញ​មកជួយ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រងគ្រោះ​ដោយ​រោគរាតត្បាត​កូ​វីដ​-១៩​។ លោក យឹម សុវណ្ណ និង​លោក គី វណ្ណដា​រ៉ា គួរតែ​ចេញមុខ​មក​បញ្ជាក់​ដល់​ម្ចាស់​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ គឺ​ប្រជាពលរដ្ឋ​ខ្មែរ តើ​ថវិកា​ជាង ៧០​ម៉ឺន​ដុល្លារ នៅឯណា ដោយ​មិន​គិតពី​លុយ​របស់​គណបក្ស​?”​។​

​លោក​មុត ចន្ថា បានបញ្ជាក់​បន្ថែម​ប្រាប់ AMS នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា​នេះ​ថា ថវិកា​បរិច្ចាគ​របស់​ប្រជាពលរដ្ឋ សម្រាប់​គោលបំណង​ជាក់លាក់ គឺ​”​បង្កើត​ស្ថានីយ​ព្រះអាទិត្យ​” ត្រូវតែ​ប្រើប្រាស់​ឱ្យបាន​ត្រឺ​ម​ត្រូវ​។​បើសិនជា​ថវិកា​នោះ មិនត្រូវ​បាន​ត្រូវ​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​គោលបំណង​ជាក់លាក់ ដោយ​តម្លាភាព សុចរិត​ភាព​ឬ​ត្រូវ​បាត់បង់ ដោយ​ប្រការ​ណាមួយ អ្នកគ្រប់គ្រង​ថវិកា ឬ​មូល​នី​ធិ​នោះ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ប្រជាពលរដ្ឋ​និង​អាច​ប្រឈម​ផ្លូវ ច្បាប់​។​គេ​មិនអាច​យក​ថវិកា​ទៅប្រើ​ប្រាស់​សម្រាប់​គោលបំណង​ផ្សេង​ឡើយ​ព្រោះ​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​បាន​ឧ​ត្ថ​ម្ភ​សម្រាប់តែ​គោល​មួយ​នេះ​។ ថវិកា​នេះ​គួរតែ​បង្វែរ​ទៅ​មូលនិធិ​មនុស្ស ដូចជា​មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យ​កុមារ​អង្គរ ឬ​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩​។​

​ទាក់ទង​ការលើកឡើង​ខាងលើនេះ លោក យឹម សុវណ្ណ និង​លោក គី វណ្ណដា​រ៉ា មិនអាច​សុំ​ការបំភ្លឺ​បានទេ​៕ ដោយៈ​ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner