ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​២ នៃ​ភាពជា​ដៃគូ​សម្រាប់​ការអភិវឌ្ឍ​បៃតង និង​គោលដៅ​សកល​ឆ្នាំ​២០៣០​នៅ​ចុងខែ​នេះ​

​ភ្នំពេញៈ តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​២​នៃ​ភាពជា​ដៃគូ សម្រាប់​ការអភិវឌ្ឍ​បៃតង និង​គោលដៅ​សកល​ឆ្នាំ​២០៣០ (P4G) ដែល​នឹង​ប្រព្រឹត្តិ​ទៅតាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី ៣១ ខែឧសភា​ឆ្នាំ​២០២១​នៅ​ទីក្រុង​សេ​អ៊ូ​ល​សាធារណរដ្ឋ​កូរ៉េ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២១​នេះ​។​

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី្តនៃកម្ពុជា និង ឯកឧត្តម មូន ចែអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នាពេលកន្លងទៅ( រូបថតឯកសារ)

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បន្តថា កិច្ចប្រជុំ​នេះ​ក្រោម​មូលបទ «​ការស្តារ​បៃតង​ឡើងវិញ​ប្រកប ដោយ​បរិ​យា​ប័ន្ន ដើម្បី​សម្រេចបាន​នូវ​អព្យាក្រឹតភាព​កាបូន​» សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា លើ​ប្រធានបទ «​ការស្តារ​បៃតង​ឡើងវិញ​ប្រកបដោយ​បរិ​យា​ប័ន្ន​ពី​ជំងឺឆ្លង​កូ​វីដ​-១៩»​នៅក្នុង​សម័យប្រជុំ​កិច្ចសន្ទនា របស់​ថ្នាក់ដឹកនាំ​ដោយ​ផ្តោតទៅលើ​ទិដ្ឋភាព​សំខាន់ៗ​មួយចំនួន​រួមមាន​១)​ភាពចាំបាច់​ក្នុងការ​កែសម្រួល​គោលនយោបាយ​និង​ធនធាន ដើម្បី​អាច​ជម្នះ​ដោយ​ជោគជ័យ​លើ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។​២)​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការប្រែប្រួល អាកាសធាតុ​ទៅលើ​សន្តិសុខ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​និង​៣)​សារៈសំខាន់​នៃ​ការស្តារ​បៃតង​ឡើងវិញ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ សម្តេច​តេ​ជោ ក៏​នឹង​ចែករំលែក​អនុសាសន៍​ប្រកបដោយ​អត្ថន័យ​ទូលំទូលាយ និង​ប្រាកដ ដល់​កិច្ចប្រជុំ​កំពូល​ផងដែរ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាព​ធន់ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​គួរ​កត់សម្គាល់ថា P4G ជា​គំនិត​ផ្តួចផ្តើម​សកល​ដែល​ត្រូវ​បានដាក់​ដំណើរ​នៅ​ឆ្នាំ​២០១៧​។ គំនិត​ផ្តួចផ្តើម​នេះ គឺជា​វេទិកា​ពហុភាគី​សម្រាប់រ​ដ្ឋា​ភិ​បាល​វិស័យ​ធុរកិច្ច​និង​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​រួមគ្នា​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​និង​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​តាមរយៈ​ការ​ផ្តល់នូវ​ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍​។​កិច្ចប្រជុំ​កំពូល​P4G​លើក​ទី​២​នៅ​ទីក្រុង​សេ​អ៊ូ​ល​នឹង​ផ្តល់ឱកាស​ដល់​សហគម​ន៍​អន្តរជាតិ​អាច​បង្ហាញ​ការប្តេជ្ញាចិត្ត​រួមគ្នា ក្នុង​ការកសាង​ពិភពលោក​ដែល​ល្អប្រសើរ និង​កាន់តែ​បៃតង​ឡើង ក្រោយ​វិបត្តិ​កូ​វីដ​-១៩៕ ដោយៈ​ពល​ជ័យ​

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី្តនៃកម្ពុជា និង ឯកឧត្តម មូន ចែអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នាពេលកន្លងទៅ( រូបថតឯកសារ)
ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner