គ ជ ប កំណត់យកថ្ងៃី២០ ខែ មិថុនាសម្រាប់ ការសាកល្បងបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់តាមប្រព័ន្ធ IT
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានសម្រេចកំណត់យកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីធ្វើការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាព័តមានវិទ្យា ហៅកាត់ IT ជាមធ្យោបាយសម្រាប់ដំណើរការនៃការបោះឆ្នោតនេះ បន្ទាប់ពីបានលើកពេលកាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅនេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២១ ដែលធ្វើឡើង តាមប្រព័ន្ធវីដេអូពីចម្ងាយ(អនឡាន) នៅព្រឹកថ្ងៃទី ២៨ ខែឧសភានេះ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ បានបញ្ជាក់ថា គ.ជ.ប មិនអាចលើកពេលវេលា ក្នុងកិច្ចការរៀបចំបោះឆ្នោតនេះបានទៀតនោះទេ ដោយសារមានកិច្ចការត្រូវធ្វើជាច្រើនទៀតដូចជា៖ ការបណ្តុះបណ្តាលមន្ត្រីដែលទទួលភារកិច្ចរៀបចំការបោះឆ្នោតនេះ ការរៀបចំចុះបញ្ជីគណបក្សនយោបាយ ការរៀបចំបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០២១ ទៅតាមពេលវេលាដែលបានកំណត់ជាបន្តបន្ទាប់។
សូមបញ្ជាក់ថា គម្រោងរៀបចំការបោះឆ្នោតសាកល្បងរបស់គ.ជ.ប គឺធ្វើឡើងនៅក្នុងឃុំ សង្កាត់គោលដៅចំនួន២៥ នៃរាជធានី ខេត្ត ទាំងអស់ទូទាំងប្រទេស តាមរយៈប្រើនូវប្រព័ន្ធITជាមធ្យោបាយនេះ សំដៅឈានទៅធ្វើការអនុវត្តន៍ជាក់ស្តែង សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។
បើតាមការបញ្ជាក់របស់ឯកឧត្តម ឌឹម សុវណ្ណារុំ បានឱ្យដឹងថា ការរៀបចំការបោះឆ្នោតសាកល្បងនេះ នឹងប្រើប្រាស់ប្រព័ន្ធIT សម្រាប់ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជន ឈរឈ្មោះ ការគ្រប់គ្រង និងបញ្ជូនទិន្នន័យ ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត ជាដើម៕ដោយ-រ៉ាវុធ