ក្រុមហ៊ុន ByteDance ប្រកាសទិញហ៊ុនពីអតីត និងបុគ្គលិកវិញ ក្រោយផែនការចេញលក់ IPO បរាជ័យ (មានវីដេអូ)
អាមេរិក៖ ក្រុមហ៊ុន បាយដាន (ByteDance) ដែលជាម្ចាស់កម្មវិធីវីដេអូកម្សាន្តខ្លីៗដ៏ល្បី TikTok បានប្រកាសចាប់ផ្ដើមប្រមូលទិញហ៊ុនវិញពីអតីត និងបុគ្គលិករបស់ក្រុមហ៊ុន ក្រោយផែនការចេញលក់ IPO ឬចូលផ្សារហ៊ុនត្រូវបានបោះបង់ចោល ។
តាមរយៈសារអេឡិចត្រូនិច (email) ដែលផ្ញើទៅកាន់អតីត និងបុគ្គលិកក្នុងសប្តាហ៍នេះ ក្រុមហ៊ុន បាយដាន បានបញ្ជាក់ថា ខ្លួននឹងទិញហ៊ុនមកវិញចាប់ពីថ្ងៃទី២០ ខែមិថុនាខាងមុខ ជាមួយតម្លៃ១២៦ដុល្លារក្នុងមួយហ៊ុនសម្រាប់បុគ្គលិកដែលកំពុងបម្រើការងារ ចំណែកសម្រាប់អតីតបុគ្គលិកគឺតម្លៃ១០០.៨០ដុល្លារក្នុងមួយហ៊ុន ខណៈដែលតម្លៃដើមដែល បាយដាន បានលក់ចេញអោយបុគ្គលិកមានចំនួន៦០ដុល្លារក្នុងមួយហ៊ុន ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន បាយដាន ត្រូវបានគេដឹងថា គ្រោងនឹងដាក់កម្មវិធី Douyin ចូលក្នុងផ្សារហ៊ុនហុងកុង ប៉ុន្តែក្រោយមកស្រាប់តែក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះបានដកខ្លួនវិញ ហើយបើតាមប្រភពជាច្រើនបានអះអាងថា អាចនឹងជាប់ពាក់ព័ន្ធករណីរឹងបណ្ដឹងច្បាប់ថ្មីរបស់រដ្ឋាភិបាលចិន ៕ ប្រភព៖ CNA