រថយន្តដឹកស៊ីម៉ង់ត៍បុករះរថយន្ត និងម៉ូតូកង់បីជាច្រើនគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿង បើកលឿនគួរសម បុករះរថយន្ត និងម៉ូតូកង់បីជាច្រើនគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២៥នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវណត់ព្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីតៃកុងរថយន្តដឹកស៊ីម៉ង់ត៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកបររថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿង ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 3D-0493 ធ្វើដំណើរតាមបណ្ដោយផ្លូវណត់ព្រីត ទិសដៅពីជើងទៅត្បូងស្រប់ទិសគ្នា ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរូបគាត់ ជាន់ហ្វ្រាំងមិនស៊ីទើបជ្រុលទៅបុករះចំពីក្រោយគូទរថយន្តមួយគ្រឿង ម៉ាក Morning ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-3109 ពេញទំហឹង ហើយរុញទៅបុកកង់បីឃ្លុប ពណ៌ស គ្មានស្លាកលេខ បន្ទាប់មករុញទៅបុករថយន្តមួយគ្រឿងទៀត ម៉ាក Ford ranger ពស៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-0417 ជាបន្តទៀត បណ្តាលឲ្យរថយន្តម៉ាក Morning និងកង់បីឃ្លុបរងការខូចខាតយ៉ាងដំណំ រីឯរថយន្តម៉ាក Ford ranger រងការខូចខាតកំពឹតកាងក្រោយបន្តិចបន្តួច ចំណែកឯរថយន្តបង្កវិញរងការខូចខាតវៀចកាងមុខបន្តិចបន្តួចប៉ុណ្ណោះ។ តែសំណាងល្អ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តពីរគ្រឿង រួមទាំងកង់បីឃ្លុបមួយគ្រឿងទៀត យកមកដាក់អែបកៀនខាងសិន ហើយឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងតៃកុងរថយន្តបង្ក យល់ព្រមសងសំណងថ្លៃការខូតខាតយកទៅជួសជុលឲ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner