ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ទទួលអំណោយជាស្បៀងពីប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុនទី១
ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងភូមិទាំង១១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដែលរងផលប៉ះពាល់ជីវភាព ដោយវិបត្តិជំងឺកូវីដ១៩ ក្នុងតំបន់ក្រហម ទទួលបានការយកចិត្តទុកដាក់ពីប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុនទី១ ឯកឧត្តម ស ថេត ដោយបានចាត់ក្រុមការងារនាំយកអំណោយជាស្បៀងអាហារជាច្រើនឧបត្ថម្ភជូនដល់បងប្អូន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា គ្រាដែលបញ្ហាជំងឺឆ្លងកូវីដ១៩ នៅតែបន្តគម្រាមកំហែងប្រជាពលរដ្ឋនៅក្នុងសហគមន៍រាជធានីភ្នំពេញនៅឡើយនោះទេ។
ការចែកជូនអំណោយជាស្បៀងអាហារ បានធ្វើឡើងជាបន្តបន្ទាប់ តំាងពីថ្ងៃទី២៧ រហូតដល់រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ រួមមាន៖ នៅភូមិសន្សំកុសល៣ ចំនួន២៥គ្រួសារ ,នៅភូមិចំរើនផល១ ចំនួន២២គ្រួសារ, នៅភូមិសន្សំកុសល៤ ចំនួន៤៣គ្រួសារ,នៅភូមិចំរើនផលចំនួន៣៥គ្រួសារ,នៅភូមិសន្សំកុសល២ ចំនួន៤៣គ្រួសារ,នៅភូមិសន្សំកុសល១ ចំនួន៤៣គ្រួសារ,ភូមិសន្សំកុសល៦ ចំនួន១៩គ្រួសារ,និងភូមិដទៃទៀត។
លោក សួស សារិន សង្កាត់បឹងទំពុនទី១ ប្រាប់ឱ្យដឹងថា សង្កាត់បឹងទំពុនទី១ មានប្រជាពលរដ្ឋសរុប ៦ពាន់៦រយគ្រួសារ ហើយក្នុងអំឡុងនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ចាត់ទុកជាតំបន់ក្រហម បន្ទាប់មកប្រែមកជាតំបន់លឿងទុំ ដែលបានរងការបិទខ្ទប់ធ្វើឱ្យប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍សង្កាត់បឹងទំពុនទី១។ ប៉ុន្តែមកដល់ពេលនេះ សង្កាត់បឹងទំពុនទី១ គឺស្ថានភាព មានសភាពធូរស្បើយច្រើន ហើយបានប្រែក្លាយជាតំបន់លឿង។
ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងសង្កាត់បឹងទំពុនទី១ សូមថ្លែង អំណរគុណ យ៉ាងជា្រលជ្រៅ ចំពោះឯកឧត្តម ស ថេត ប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុនទី១ និងក្រុមការងារចុះជួយតាមបណ្តាភូមិទាំង១១ ដែលបានយកចិត្តទុកដាក់គីតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់បឹងទំពុងទី១ គ្រប់គ្រាលំបាក ជាពិសេសខណៈកំពុងប្រឈមរងផលប៉ះពាល់ជីវភាពដោយបញ្ហាជំងឺឆ្លងកូវីដ១៩នេះ៕