សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី
ភ្នំពេញៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ កាលពីព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតា ជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាដើម្បីថ្វាយព្រះពរនិងថ្វាយរបាយការណ៍ស្តីពីសមិទ្ធផលនិងវឌ្ឍនភាព សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាឆ្នាំ២០២០-២០២១ នៅព្រះបរមរាជវាំង៕
ក្នងឱកាសនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយសុន្ទរកថា ថ្វាយព្រះពរ និងរបាយការណ៏សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា មានខ្លឹមសារដើមដ៏ខ្ពង់ខ្ពស់ជា អាទិ៍ថាៈ សូមក្រាបថ្វាយបង្គំ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រោសព្រះរាជទានខ្ញុំម្ចាស់ រួមជាមួយសម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ លោកជំទាវ អ៊ុក ម៉ាលី អគ្គហេរញ្ញិក និងឯកឧត្តម នាយកពិធីការ ចូលក្រាបបង្គំគាល់ ដើម្បីថ្វាយព្រះរាជអំណរសាទរក្នុងឪកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង និងថ្វាយព្រះរាជអំណរសាទរក្នុងឱកាស ព្រះរាជពិធី បុណ្យចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សា នៅថ្ងៃទី១៨ ខែ មិថុនា ខាងមុខនេះ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ សូមទូលថ្វាយនូវព្រះមហាករុណាទិគុណ យ៉ាងជ្រាល ជ្រៅជាទីបំផុត ចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមថ្លៃថ្លា ប្រកបដោយព្រះរាជគុណធម៌ ព្រះព្រហ្ម វិហារធម៌របស់ព្រះកុរណា ព្រះមហាក្សត្រជាអម្ចាស់ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលបាន ប្រោសព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ឧបត្ថម្ភគាំទ្រទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជួយជីវភាពគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិនានា និងគ្រួសាររងផលប៉ះពាល់ ដោយជំងឺកូវីដ-១៩។ ក្នុងគ្រប់កាលៈទេសៈ ព្រះអង្គទាំងទ្វេបានប្រោសព្រះរាជូបត្ថម្ភ ព្រះរាជទ្រព្យ ដល់កាកបាទក្រហមកម្ពុជាប្រចាំខែ ប្រចាំត្រីមាស ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម ៨ ឧសភា និងក្នុងឪកាសផ្សេងទៀត។ ជាក់ស្ដែងក្នុងទិវា ៨ ឧសភា ឆ្នាំ ២០២១ នេះ ព្រះអង្គទាំងទ្វេបានប្រោសព្រះរាជូប្ថម្ភព្រះរាជទ្រព្យចំនួន ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ឆ្នាំ២០២១នេះ ក៏ដូចជាឆ្នាំ ២០២០ កន្លងទៅ កាកបាទក្រហមកម្ពុជាមិនអាចប្រារព្ធមាទ្ទីងអបអរ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា បានឡើយ ដោយសារការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩។ហេតុនេះហើយកាកបាទក្រហមកម្ពុជាបានអំពាវនាវដល់សប្បុរសជននានាឲ្យបន្តឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ហើយដែលបានទទួលថវិកាសរុបរួមចំនួន ១៥លាន ១សែន ៦ម៉ឺន ៤ពាន់ ១៦៥ដុល្លារអាមេរិក។ ចំណែកសាខាទាំង ២៥ រាជធានី-ខេត្តក៏បានអំពាវនាវ រកការជួយឧបត្ថម្ភ ហើយបច្ចុប្បន្ននេះសាខាកំពុងតែបន្តថវិកាពីសប្បុរសជនជាបន្តបន្ទាប់។ដោយមានព្រះរាជកិច្ចគាំទ្រនិងព្រះរាជូបត្ថម្ភពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ ២០២០ និង ៥ខែដើមឆ្នាំ ២០២១ នេះ សម្រេចបានសមិទ្ធផលសំខាន់ៗដូចតទៅ៖
ចំពោះមុខស្ថានភាពជំងឺកូវីដ-១៩ ខ្ញុំម្ចាស់បានទម្លាក់ថវិកាបន្ទាន់ និងអង្ករជួយដល់សាខាទាំង២៥ រាជធានី-ខេត្ត ដើម្បីមានទុនទិញស្បៀងជួយដល់អ្នកខ្វះខាតបានភ្លាមៗ រួមជាមួយការផ្ដល់សម្ភារៈ អនាម័យ ម៉ាស់ អាល់កុល និងសាប៊ូជាបន្តបន្ទាប់ ធ្វើការអប់រំផ្សព្វផ្សាយយ៉ាងសកម្មទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។ សាខាថែមទាំងបានឧបត្ថម្ភស្បៀងដល់អ្នកធ្វើចត្តាឡីស័ក និងអ្នកនៅ ក្នុងតំបន់បិទខ្ទប់តាមជាក់ស្ដែង។ ថ្មីៗនេះ ខ្ញុំម្ចាស់បានសម្រេចផ្ដល់ជួយដល់ប្រទេសឥណ្ឌា និងនេប៉ាល់ តាមរយៈសហព័ន្ធចំនួន ៥ម៉ឺន ដុល្លារអាមេរិក។
ចំពោះមុខស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរ ខ្ញុំម្ចាស់ បានទម្លាក់ថវិកាបន្ទាន់ចំនួន ១០០លានរៀល ជូនសាខានីមួយៗនៃសាខាទាំង ៥ ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ គឺពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងរាជធានីភ្នំពេញ។ ចំពោះសាខាដែលបានស្នើសុំស្បៀង ហើយដែល ថ្នាក់កណ្ដាលមិនអាចទៅរួចមានដូចជាខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ខ្ញុំម្ចាស់បាន ផ្ដល់ជាថវិកាទៅសាខាទាំងនោះដោះស្រាយទិញស្បៀងនៅក្នុងខេត្ត។
សរុបរួមការផ្ដល់អំណោយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិនានា រួមទាំងជនមានពិការភាព ចាស់ឥតទីពឹង អ្នកមានជំងឺរ៉ាំរ៉ៃ ស្ត្រីមេម៉ាយមានកូនច្រើន សម្រេចបានចំនួន ១៣ ៨៧៦ គ្រួសារ។
ក្នុងការងារសុខភាព កាកបាទក្រហមកម្ពុជា បានបន្តជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាចំនួន ១លាន ដុល្លារអាមេរិក មន្ទីរពេទ្យកុមារអង្គរនៅសៀមរាបចំនួន ២ម៉ឺនដុល្លារអាម៉េរិក និងធ្វើសកម្មភាពអប់រំផ្សព្វផ្សាយជាប្រចាំតាមរយៈសកម្មភាពផ្ទាល់ និងតាមប្រព័ន្ធព័ត៌មាន។ លទ្ធផលនៅក្នុងការងារសុខភាព មាតា ទារក និងកុមារ រួមទាំងការងារអេដស៍ ត្រូវបានចងក្រង ជារបាយការណ៍មួយ ដោយឡែកផ្ញើទៅអង្គការសហប្រជាជាតិ។រីឯការងារសង្គ្រោះបន្ទាន់បឋមនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍វិញ កាកបាទក្រហមកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់។ ហើយពលរដ្ឋរស់នៅជនបទចំនួន ៤ ៧៣៧ គ្រួសារបានទទួលអណ្តូងស្នប់ធំចំនួន ២១១និងពលរដ្ឋចំនួន ៣២០ គ្រួសារផ្សេងទៀត បានទទួលបង្គន់អនាម័យ។ ចំណែកឯប្រជាពលរដ្ឋរស់នៅតាមតំបន់ប្រឈមគ្រោះថ្នាក់ដោយសារមីនចំនួន ២៩៦ គ្រួសារទទួលបាន ប្រាក់កម្ចី។
កាកបាទក្រហមកម្ពុជាបានសាងសង់អគារស្នាក់នៅជូនអ្នកមានពិការភ្នែក ស្ថិតនៅភូមិក្រាំងធ្នុង និង សាងសង់ផ្ទះចំនួន ៦៩ខ្នង ជូនគ្រួសារឥតទីពឹង។ បច្ចុប្បន្ននេះ ក្នុងកិច្ចសហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជានិងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់កាកបាទក្រហមកម្ពុជាបាននិងកំពុងសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនក្រីក្រនិងអតីតយុទ្ធជនមានពិការភាពចំនួន៦២៨ខ្នងលើផ្ទៃដីជាង៩០០ហិកតាក្នុងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់។ផ្ទះនីមួយៗមានទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រលើដីទំហំ៧០មគុណនឹង១៥០ម។ឆាប់ៗនេះកាកបាទក្រហមកម្ពុជានឹងប្រគល់ផ្ទះចំនួន៥០ខ្នងក្នុងជំហានដំបូងរួចហើយនិងបន្តសាងសង់ដើម្បីប្រគល់ជូនបងប្អូនចូលរស់នៅជាបន្តបន្ទាប់ទៀត រហូតបានគ្រប់ ៦២៨។
សម្រាប់ទិសដៅក្នុងឆ្នាំ ២០២១នេះ កាកបាទក្រហមកម្ពុជាដែលមានសាខា ២៥ រាជធានី-ខេត្ត អនុសាខា ១៩៧ តាមស្រុក-ក្រុង មានអ្នកស្ម័គ្រចិត្តជាង ២ ម៉ឺននាក់ យុវជនកាកបាទក្រហមកម្ពុជាជាង ២ ម៉ឺននាក់នៅតាមគ្រឹះស្ថានសិក្សា ៤៧៨ នាក់បានប្ដេជ្ញាចិត្តប្រមូលផ្ដុំកម្លាំងរួមគ្នាប្រយុទ្ធនិងទប់ស្កាត់ការរាតត្បាតជាសាកលជំងឺកូវីដ១៩ និងអនុវត្តន៍វិស័យអាទិភាពទាំង៤នៃយុទ្ធសាស្ត្រ ២០២១-២០៣០ រួមមាន៖
១. ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ
២. សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍
៣. ការលើកកម្ពស់អំពីគុណតម្លៃរបស់ចលនា សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ វប្បធម៌អហិង្សា និងសន្តិ ភាព ប្រកបដោយបរិយាប័ន្ន និងចីរភាព
៤. ការអភិវឌ្ឍស្ថាប័ន។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជឱង្ការកោតសរសើ ដល់ស្មោះស្ម័គ្រអស់ពីដួង ព្រះរាជហឬទ័យ ចំពោះជោគជ័យដ៏ធំធេង របស់កាកបាទក្រហមកម្ពុជា ដែលបានសម្រេចឡើង ក្រោមកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីស្នេហាជាតិ ស្នេហាមនុស្សធម៌ ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងការដឹកនាំប្រកបទៅដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងហ៊ានលះបង់ ទាំងកម្លាំងកាយ បញ្ញាស្មារតី ព្រមទាំងបរិច្ចាគនូវធនធានផ្ទាល់ ដោយមានការចូលរួមគាំទ្រយ៉ាងសកម្មពីសមាជិក សមាជិកា អ្នកស្ម័គ្រចិត្ត ដៃគូសហប្រតិបតិការ និងកម្លាំងមនុស្សធម៌ទាំងមូលក្នុង ការអនុវត្តន៏ នូវរាល់សកម្មភាពគ្រប់ផ្នែករបស់កាកបាទក្រហមកម្ពុជា បានចម្រើនលូតលាស់ដោយ ឥតឈប់ឈរ ជាពិសេស លើការងារមនុស្សធម៌ នៃការជួយសង្គ្រោះប្រជារាស្ត្រក្រីក្រ ប្រជារាស្ត្រ ទទួលរងគ្រោះដោយធម្មជាតិ ដោយឧប្បទ្ទវហេតុផ្សេងៗ ជនចាស់ជរាគ្មានទីពឹងពុំនាក់ កុមារកំព្រា កុមារអនាថា ជួបការលំបាក រស់នៅតាមទីកន្លែងនានា ការកសាងសមទ្ធិផលសំខាន់ៗមានដូចជា អណ្តូងទឹកស្អាត បង្គន់ អនាម័យ លំនៅដ្ឋាន ជូនប្រជារាស្ត្រក្រីក្រអតីតយុទ្ធជន ជនពិការ និងការលើកកម្ពស់សុខុមាលភាពជាដើម។
សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គមានព្រះរាជសុវណ្ណីចូលរួមអបអរសាទរដោយសេចក្តីកោតសរសើដ៏ស្មោះស្ម័គ្រអស់ពីដួងព្រះរាជហឬទ័យថែមទៀត ចំពោះសកម្មភាពកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើមនិ ងប៉ិនប្រសប់ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានធ្វើអោយការងារគ្រប់ផ្នែកពិសេស ការបំពេញបេសស កម្មមនុស្សធម៌បានប្រព្រឹត្តិទៅក្នុងភាពប្រសើរថ្លៃថ្លា នៃការជួយសង្គ្រោះអាយុជីវិតប្រជារាស្ត្រទីទ័ល ក្រ ជនចាស់ជរា ប្រជារាស្ត្រជួបការលំបាកដោយគ្រោះមន្តហរាយនៃធម្មជាតិ និងឧប្បទ្ទវហេតុ និងជំងឺដង្កាត់ផ្សេងៗ នៅគ្រប់ទីកន្លែង ទទួលបានជោគជ័យជារៀងរហូតមក។
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជសុវណ្ណីកោតសរសើរយ៉ាង ជ្រាលជ្រៅជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីដែលបាន ដឹកនាំប្រទេសជាតិអោយមានការរីកចម្រើន លើគ្រប់វិស័យ ជាពិសេស ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពដ៏បរិបូរណ៏ ប្រជារាស្ត្រមានជីវភាព រស់នៅកាន់តែល្អប្រសើរ។ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរមាន ព្រះរាជហឬទ័យ យ៉ាងជ្រាលជ្រៅដោយសូមអោយព្រះរាជាណាចក្រកម្ពុជា បន្តការរួបរួមគ្នា មានសុខសន្តិភាព យូរអង្វែង និងប្រទេសជាតិ កាន់តែមានការរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត។