អង្គភាពប្រឆាំងអំពើពុករលួយ ជូនដំណឹងពីការរៀបចំប្រឡងជ្រើសរើសក្របខណ្ឌថ្មីចំនួន ៧៥កន្លែង
រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយថ្ងៃទី២៨ខែឧសភានេះបានចេញសេចក្តីជូនដំណឹងមួយស្តីពីការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌថ្មីឱ្យចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ។
យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹង ថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិល នៃអង្គភាពប្រឆាំងអំពើ ពុករលួយ (អ.ប.ព. ) សូមជូនដំណឹងដល់បេក្ខជនទាំងពីរភេទ ដែលបានដាក់ពាក្យប្រឡងទាំងអស់ឱ្យបានជ្រាបថា អ.ប.ព. គ្រោងនឹងរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌថ្មីចំនួន ៧៥ កន្លែង ឱ្យចូលបម្រើការងារក្នុង ក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ដូចខាងក្រោម៖
១- កាលបរិច្ឆទ និងទីតាំង នៃការប្រឡង – ព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១សម្រាប់បេក្ខជន ដែលបានដាក់ពាក្យប្រឡងជ្រើសរើសបំពេញការងារនៅស្នាក់ការកណ្ដាល អ.ប.ព. (បម្រើការងារនៅ អ.ប.ព.)
– ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១: សម្រាប់បេក្ខជន ដែលបានដាក់ពាក្យប្រឡងជ្រើសរើសត្រៀមទៅបំពេញការងារនៅតាមការិយាល័យប្រចាំខេត្ត។
– មណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។
២- វិញ្ញាសាប្រឡងនឹងធ្វើឡើងក្នុងទម្រង់វិញ្ញាសាមានចម្លើយជ្រើសរើស (QCM) ដោយផ្តោតលើ៖
– ការងារជំនាញរបស់ អ.ប.ព. (ច្បាប់ – វិភាគពាក្យប្ដឹង – ផ្សេងៗ …)
– ចំណេះដឹងទូទៅ
– ភាសាបរទេស
– កុំព្យូទ័រ។
បើតាមសេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ដែរថាចំពោះ បេក្ខជនអាចយកមកជាមួយនូវសៀវភៅច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងឯកសារផ្សេងៗចូលក្នុងបន្ទប់ប្រឡង ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យ យកចូលក្នុងបន្ទប់ប្រឡងនូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ដូចជា ទូរស័ព្ទដៃ, វិទ្យុទាក់ទង, iPod, Smart Watch, iPa Tablet ទេ ៕ដោយ៖ម៉ាដេប៉ូ