កងកម្លាំងកម្ពុជា និងថៃ នៅតែប្តេជ្ញារួមគ្នាបន្តទប់ស្កាត់បង្ក្រាប​រាល់​បទល្មើស ដែលលបលួចឆ្លងដែនខុសច្បាប់!

អត្ថបទដោយ៖
ជា សេឌី

លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងលោកវរសេនីយ៍ឯក ប៊ុន សឺម ប៊ុនបំរុង មេបញ្ជាការរង វរសេនាធំលេខ៦ថៃ បានប្តេជ្ញារួមគ្នាបន្តក្នុងការបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសដែលលបលួចឆ្លងដែនដោយខុសច្បាប់។ ពិសេសបទល្មើសឆ្លងដែនដោយខុសច្បាប់ របស់បងប្អូនពលរដ្ឋលួចឆ្លងដែនចូលទៅរកកាប់ឈើប្រណិតក្នុងទឹកដីថៃ។ ការប្តេជ្ញារួមគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រជួរមុខតំបន់ភ្នំតាថាវ។ ក្រោមវត្តមានអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ផាត់ សុផេន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ប្រធានទំនាក់ទំនងព្រំដែនកម្ពុជា.ថៃ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ

កិច្ចប្រជុំនេះ កម្ពុជាបានស្នើទៅកាន់ភាគីថៃ មួយចំនួនរួមមាន៖

_រួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩តាមព្រំដែន។

_មិនត្រូវធ្វើអ្វីថ្មីនៅចំណុចដែលមិនទាន់បានកំណត់។

_រួមគ្នាទប់ស្កាត់ការលួចឆ្លងដែន និងកាប់ព្រៃឈើខុសច្បាប់។ និងការណាត់ជួបគ្នាឡើងវិញក្នុងរយះពេល១ខែម្តង។

ចំពោះសំណើកម្ពុជា ភាគីថៃបានធ្វើការឯកភាព និងសំណូមពរមកកម្ពុជាវិញ។ ដោយស្នើឲ្យកម្ពុជាត្រូវមានការទំនាក់ទំនងគ្នាដើរល្បាតរួមគ្នានៅតាមគោលដៅ និងជួយទប់ស្កាត់ការឆ្លងដែនរបស់ពលរដ្ឋកំឲ្យចូលមករកកាប់ឈើដោយខុសច្បាប់នៅក្នុងទឹកដីថៃ។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានធ្វើការស្នើសុំ ការយោគយល់ពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរថៃ កុំមានការបាញ់សម្លាប់។

សូមបញ្ជាក់ថា៖ គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនេះ គឺបង្កើនកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត រវាងកងកម្លាំងឈរជើងជួរមុខ ដើម្បីរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងការរស់នៅប្រកបដោយភាពសុខសាន្ត របស់ប្រជាជន នៃប្រទេសទាំងពីរ ឈរលើការណ៍ដោះស្រាយគ្នាដោយសន្តិវិធី ជៀសវាងការប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ។

បន្ថែមពីនោះ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានធ្វើការក្រើនរំលឹកទៅដល់គ្រប់បណ្តាអង្គភាពទាំងអស់ ដែលកំពុងបំពេញភារកិច្ច ក្នុងកិច្ចការពារ នៅតាមគោលដៅខ្សែរត្រៀមជួរមុខព្រំដែនកម្ពុជា-ថៃ នៅតែប្តេជ្ញាចិត្តខ្ពស់ខិតខំប្រឹងប្រែងបន្ត ក្នុងការការពារ គ្រប់គ្រងបានយ៉ាងរឹងមាំ ដោយឈរលើស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់។ ពិសេសបង្កើនការចេញដើរល្បាតបានជាប់ជាប្រចាំ ទោះបីជាសភាពការណ៍ព្រំដែន មានសភាពស្ងប់ស្ងាត់ជាធម្មតាក្តី យើងក៏នៅតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច៕ សួនលីណា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner