អ្នកពាក់ព័ន្ធ និងអាជីវករផ្សារសាមគ្គី នៃក្រុងសៀមរាប ត្រូវបានក្រុម គ្រូពេទ្យ យកវត្ថុសំណាក វិភាគរកវារ៉ុសកូវីដ-១៩
ក្រុមគ្រូពេទ្យនៃរដ្ឋបាលខេត្តសៀមរាប ចុះប្រតិបត្តិការណ៍ដោយមិនកំណត់ថ្ងៃ ដើម្បីយកវត្ថុសំណាកវិភាគ នៃពលរដ្ឋអ្នកពាក់ព័ន្ធ និងធ្លាប់បានចេញ ចូល ផ្សារសាមគ្គី នៃក្រុងសៀមរាប បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៣នាក់ នៅក្នុងផ្សារនេះមក ។
ក្រុមទ័ពអាវសនៃរដ្ឋបាលខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២១ បានចេញប្រតិបត្តិការណ៍ដ៏ធំមួយ នៅផ្សារសាមគ្គី ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលក្នុងនោះ អ្នកពាក់ព័ន្ធនិងសង្ស័យប្រមាណជាង៥០០នាក់ ដែលត្រូវយកវត្ថុសំណាក ធ្វើតេស្តរកវារ៉ុសកូវីដ-១៩ ។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងយ៉ាងដូច្នេះថា ខណៈពេលប្រតិបត្តិការណ៍យកសំណាកជនសង្ស័យដែលពាក់ព័ន្ធដោយផ្ទាល់ និង ប្រយ៉ោលជាមួយ ឈ្មោះ ស៊ុ សុធា អាជីវករលក់កាហ្វេ យីហោ ឧម៉ា ផ្គត់ផ្គង់សម្ភារកាហ្វេ នៅផ្សារសាមគ្គី ដែលមានវិជ្ជមានកូវិដ កាលពីថ្ងៃទី២៦ ខែឧសភា ហើយនៅថ្ងៃទី២៧ ខែឧសភា ក៏បានរកឃើញវិជ្ជមានកូវិដ ចំនួន៣នាក់ ជាអាជីវករក្នុងផ្សារសាមគ្គី មានផ្ទុកវារ៉ុសកូវីដ១៩ ។ លោកអំពាវនាវថា សូមឲ្យអ្នកពាក់ព័ន្ធទាំងអស់ទាំងផ្ទាល់ ទាំងប្រយ៉ោល និង ធ្លាប់ចេញចូលផ្សារសាមគ្គី ចាប់ពីថ្ងៃទី១០ ខែឧសភាកន្លងមក សូមមកសហការណ៍ជាមួយក្រុមការងារស័្មគ្រចិត្ត មកយកសំណាកធ្វើតេស្តកុំបីខាន ដើម្បីសុវត្ថិភាពក្នុងសហគមន៍ ។ លោកបន្តថា ប្រតិបត្តិការណ៍នេះមិនកំណត់ពេលវេលានោះទេ គឺក្រុមការងារនៅរង់ចាំទទួលសំណាក រហូតដល់អស់អ្នកពាក់ព័ន្ធ លោកក៏បានបញ្ជាក់ដែរថា កន្លងមកនៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ខេត្តសៀមរាបធ្លាប់បានបិទផ្សារ ពីរ បី កន្លែងរួចមកហើយ តែការយកសំណាកធ្វើតេស្ត ពុំរកឃើញវិជ្ជមានកូវីដ-១៩នោះឡើយ ក៏ប៉ុន្តែព្រឹត្តិការណ៍នៅផ្សារសាមគ្គីនេះ បានរកឃើញវិជ្ជមានលើអ្នកពាក់ព័ន្ធចំនួន៣នាក់រួចទៅហើយ ហើយអ្នកពាក់ព័ន្ធនិងអ្នកដែលមានការសង្ស័យ ត្រូវបន្តយកសំណាកនោះ ។
បើគិតអំពីស្ថានភាពរកវត្ថុសំណាក នៅក្នុងព្រឹត្តិការណ៍២៦ឧសភានៅផ្សារសាមគ្គី ការយកសំណាករយៈពេល៣ថ្ងៃមកនេះ ត្រូវបានក្រុមគ្រូពេទ្យធ្វើការវិភាគនៅនឹងកន្លែង ដើម្បីជួយសម្រាលបន្ទុកនៃការវិភាគ ឲ្យបានទាន់ពេលវេលា ដែលមានចំនួន ៥២៨នាក់ ស្រី ៣៥១នាក់ ក្នុងនោះក៏អវត្តមាន ០១នាក់ មិនបានចូលខ្លួនយកសំណាក ហើយចំពោះ លទ្ធផលយើងនៅមិនទាន់បានដឹងនៅឡើយ ។
គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ ខេត្តសៀមរាបបានរកឃើញវិជ្ជមានកូវីដ -១៩ មានចំនួន១០៧នាក់ បាន ជាសះ ស្បើយ ៥៧នាក់ ស្លាប់២នាក់ កំពុងសម្រាកព្យាបាល ចំនួន ៤៨នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប