ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធសន្និសីទវីដេអូ។

ក្នុងជំនួបនោះដែរ លោកជំទាវឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ក្នុងឱកាសទើបតែត្រូវបានបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតថ្មី លោកជំទាវ ចង់សិក្សាស្វែងយល់បន្ថែមនូវលទ្ធភាពក្នុងការពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ លោកជំទាវ សង្ឃឹមថានៅពេល ខាងមុខនេះ អាចនឹងមានការរៀបចំទស្សនកិច្ចផ្លូវការ កម្រិតបច្ចេកទេស និងកម្រិតនយោបាយ ដើម្បីចែករំលែកបទពិសោធន៍រវាងកម្ពុជា និងសិង្ហបុរី លើវិស័យសំខាន់ៗនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនពីកិច្ចសហការល្អនិងការគាំទ្រគ្នានាពេលកន្លងមក។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីចក្ខុវិស័យរបស់ក្រសួងក្នុងការត្រៀមខ្លួនលើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល នាពេលខាងមុខ។

ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវឯកអគ្គរដ្ឋទូតបានឯកភាពគ្នាបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការជាពិសេស លើការបណ្តុះបណ្តាលធនធានមនុស្ស និងមន្ត្រីរាជការ រវាងស្ថាប័នអប់រំរបស់សិង្ហបុរី និងបណ្ឌិត្យសភាពបច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងជំរុញឱ្យមានការវិនិយោគ និងការចែករំលែកបទពិសោធន៍អំពីធុរកិច្ចថ្មីឌីជីថលនៅសិង្ហបុរី ជាមួយកម្ពុជាផងដែរ។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ទទួលបាននូវជោគជ័យ ក្នុងការបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner