នៅរយៈពេល៥ខែឆ្នាំ២០២១នេះ កម្ពុជានាំចេញអង្ករបានជាង២៣ម៉ឺនតោន ធ្លាក់ចុះ៣៤ភាគរយ (មានវីដេអូ)

Video: https://fb.watch/5RJ8E6U0MD/

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា នៅរយៈពេល៥ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករចំនួន២៣ម៉ឺន៣ពាន់៣១តោន ថយចុះចំនួន១២ម៉ឺន៣ពាន់៦៦តោន ស្មើនឹងដក៣៤.៥៦ភាគរយ បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ៣៥ម៉ឺន៦ពាន់៩៧តោន ។

ការនាំចេញអង្ករមានការថយចុះចំនួនដក៣៤.៥៦ភាគរយ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រីអះអាងថា ដោយសារតម្លៃដឹកជញ្ជូនមានការកើនឡើងខ្ពស់ ។ បើតាមរបាយការណ៍ដដែលនេះ ការនាំចេញអង្ករក្នុងខែឧសភា ឆ្នាំ២០២១ មានចំនួន៤ម៉ឺន៥៣៦តោន ថយចុះចំនួន១ម៉ឺន៥ពាន់៣០៩តោន ស្មើនឹងដក២៧.៤១ភាគរយ បើធៀបនឹងខែឧសភា ឆ្នាំ២០២០ ដែលមានចំនួន ៥ម៉ឺន៥ពាន់៨៤៥តោន ។ សម្រាប់ប្រភេទអង្ករនាំចេញវិញ នៅរយៈពេល៥ខែមកនេះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន១៦ម៉ឺន៤៥៣តោន ស្មើនឹង៦៨.៨៦ភាគរយ អង្ករសគ្រប់ប្រភេទមានចំនួន៦ម៉ឺន៧ពាន់៨៤៣តោន ស្មើនឹង២៩.១១ភាគរយ និងអង្ករចំហុយមានចំនួន៤ពាន់៧៣៥តោន ស្មើនឹង២.០៣ភាគរយ ។

អង្ករកម្ពុជាបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២០ប្រទេស មានបរិមាណសរុបចំនួន៥ម៉ឺន៥ពាន់១៨៨តោន ស្មើនឹង២៣.៦៦ភាគរយ ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន១២ម៉ឺន៨៣៤តោន ស្មើនឹង៥១.៨៦ភាគរយ ទិសដៅអាស៊ានចំនួន៥ប្រទេសមានបរិ មាណសរុបចំនួន២ម៉ឺន១ពាន់៨៤៨តោន ស្មើនឹង៩.៣៨ភាគរយ និងទិសដៅដទៃទៀតចំនួន១៩ប្រទេស មានបរិមាណសរុប៣ម៉ឺន៥ពាន់១៦១តោន ស្មើនឹង១៥.១ភាគរយ ។ ដោយឡែកសម្រាប់ការនាំចេញស្រូវវិញ ក្នុងរយៈពេល៥ខែឆ្នាំ២០២១ កម្ពុជានាំចេញស្រូវចំនួន១លាន ៦១ម៉ឺន៤ពាន់២១១តោនទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន៨៥ម៉ឺន៥ពាន់២០២.៥២តោន ដែលមានការកើនឡើងចំនួន៧៤ម៉ឺន៨ពាន់១២៩តោន ស្មើនឹង៨២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន៨៨ម៉ឺន៥ពាន់១៨៦តោន ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner