សម្តេចតេជោ ហ៊ុន សែន កំពុងជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្រ្តីការបរទេសអាមេរិក នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងជួបពិភាក្សាការងារជាមួយ លោកជំទាវ Wendy Ruth Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ។

គួរបញ្ជាក់ថា លោកជំទាវ Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានអញ្ជើញ មកដល់រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្នុងដំណើរបំពេញទស្សនកិច្ច ១ថ្ងៃ នៅកម្ពុជា ។ លោកជំទាវ ត្រូវបានទទួលស្វាគមន៍ដោយ ឯ,ឧ W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

ប្រភពព័ត៌មានពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា លោកជំទាវ អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក មកទស្សនកិច្ចនៅកម្ពុជាថ្ងៃនេះ ដើម្បីជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីពិភាក្សាពីបញ្ហាតំបន់ និងបញ្ហាទ្វេភាគីសំខាន់ៗ ។ នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី១ ខែមិថុនា លោកជំទាវ Wendy R.Sherman អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ។ លោកជំទាវ ក៏នឹងជួបពិភាក្សាការងារជាមួយប្រមុខការទូតកម្ពុជា ឯ,ឧ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិកម្ពុជាផងដែរ ។

លោកជំទាវ អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក មកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាប្រទេសទី៣ នៅក្នុងចំណោមអាស៊ាន១០ ដែលត្រូវបានមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ ជ្រើសរើសយកនៅក្នុងដំណើរទស្សនកិច្ចរបស់ខ្លួនលើកដំបូងរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចដំបូងទៅកាន់ប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី ឥណ្ឌូនេស៊ី កម្ពុជា និងប្រទេសថៃផងដែរ ។

បើតាមក្រសួងការបរទេសអាមេរិក លោកជំទាវ Wendy Ruth Sherman នឹងពាំនាំការប្តេជា្ញចិត្តរបស់សហរដ្ឋអាមេរិក ចំពោះភាពចាំបាច់នៅអាស៊ាន និងដំណោះស្រាយបញ្ហាកម្រិតទ្វេភាគី និងតំបន់ផងដែរ ។ អាមេរិក ក៏នឹងជំរុញប្រទេសមីយ៉ាន់ម៉ា ឲ្យបញ្ឈប់អំពើហិង្សា ដោះលែងអ្នកជាប់ឃុំដែលខ្លួនថា ជាអំពើអយុត្តិធម៌ និងស្តារប្រទេសមីយ៉ាន់ម៉ា ឲ្យទៅរកផ្លូវប្រជាធិបតេយ្យឡើងវិញផងដែរ ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner