ក្នុងខែឧសភា ឆ្នាំ២០២១នេះ ស្រ្តីសម្រាលកូនចំនួន ៥៤៨០នាក់ បានទទួល ប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈបេឡាជាតិសន្តិសុខសង្គម

ភ្នំពេញ៖ បើទោះបីជាប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺ កូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រមុខ នៅតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសគិតគូរពីតម្រូវការសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងខែឧសភា ឆ្នាំ២០២១ បេឡាជាតិសន្តិសុខសង្គម បានចំណាយថវិកាសរុបប្រមាណជាង ២.២ពាន់លានរៀល ដែលជាប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ផ្តល់ជូនស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៥ ,៤៨០នាក់ និងមានកូនចំនួន ៥, ៥៣៣នាក់។

នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស.។ ជាមួយគ្នានេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានបន្ដណែនាំដល់មន្ត្រីបុគ្គលិកក្រោមឱវាទអោយខិតខំបំពេញការងាររបស់ខ្លួន ក្នុងការបម្រើអត្ថប្រយោជន៍ជូនដល់កម្មករនិយោជិតដែលជាសមាជិក ប.ស.ស. ឱ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា បងប្អូនកម្មការិនីទាំងអស់ដែលបម្រើការនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ភាគទានមកកាន់ ប.ស.ស. យ៉ាងតិច៩ខែ ក្នុងរយៈពេល ១២ខែ គិតមកដល់ខែសម្រាលកូន នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល៩០ថ្ងៃ រួមជាមួយប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បន្ថែមទៀត ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner