នៅខេត្តពោធិ៍សាត់ អ្នកស្លាប់ដោយសារពុលស្រា.ស កើនដល់ ១៣នាក់ ខណៈជាង ៧០នាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ

ពោធិ៍សាត់ ៖ រហូតមកដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់ដោយសារពុលស្រា.ស នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បានកើនឡើងដល់ ១៣នាក់ ខណៈមនុស្សជាង៧០នាក់ផ្សេងទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារប្រចាំខេត្តពោធិ៍សាត់ ។

បើតាមសេចក្ដីរាយការណ៍ ក្នុងចំណោម មនុស្សទាំងជាង ៧០នាក់នោះ មានអ្នកសង្រ្គោះបន្ទាន់នៅពេទ្យកាល់ម៉ែត និងពេទ្យលោកសង្ឃ ១២នាក់ ព្រមទាំងអ្នកកំពុងសង្គ្រោះនៅខេត្ត ចំនួន ៦២នាក់ ដែលការសង្រ្គោះទាំងអស់គឺជាការយកចិត្តទុកដាក់ពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងការជួយគាំទ្រដោយ ឯកឧត្តម កែវ រតនៈ។

ពាក់ព័ន្ធករណីនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ២នាក់ប្ដីប្រពន្ធ ដែលជាអ្នកផលិតស្រា-សនេះ រួមមាន ៖
*ទី១៖ ឈ្មោះ ស៊ុយ គឹមទៀង អាយុ៧១ឆ្នាំ (ប្តី) *ទី២៖ ឈ្មោះ ទ្រី វណ្ណា អាយុ៦១ឆ្នាំ (ប្រពន្ធ) មានទីលំនៅភូមិសាន់សរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំពោះជនសង្ស័យទាំង ២នាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។
សូមជម្រាបថា គិតចាប់ពីថ្ងៃទី២៨ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីស្លាប់ប្រជាពលរដ្ឋជាបន្តបន្ទាប់ចំនួន ១៣នាក់ ក្រោយពួកគាត់បានហូបស្រាជុំគ្នាដើម្បីកំដរបុណ្យសពកាលពីប៉ុន្មានថ្ងៃមុននេះ ។

កាលពីពេលថ្មីៗនេះ ក៏មានករណីពុលស្រា-ស ២លើកហើយ ដែលបានកើតឡើង និងបណ្ដាលឲ្យមនុស្សជាច្រើននាក់បានស្លាប់ជាបន្ដបន្ទាប់ ក្នុងនោះនៅស្រុកល្វាឯម ខេត្តកណ្ដាល និងស្រុកកំពង់ត្រាច ខេត្តកំពត ។ ក្នុងនោះពាក់ព័ន្ធម្ចាស់អាជីវកម្មបិទស្រានេះ ត្រូវបានចាប់ខ្លួន បញ្ជូនទៅតុលាការផងដែរ ។ សម្រាប់ករណីពុលស្រានៅស្រុកល្វាឯម ខេត្តកណ្ដាល បណ្ដាលឲ្យមនុស្ស ១២នាក់ស្លាប់ និងធ្លាក់ខ្លួនឈឺជាច្រើននាក់ផ្សេងទៀត។ ដោយឡែក ករណីពុលស្រានៅស្រុកកំពង់ត្រាច ខេត្តកំពត បណ្ដាលឲ្យមនុស្ស ៩នាក់ស្លាប់ និងធ្លាក់ខ្លួនឈឺជាង ៣០នាក់ផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner