មនុស្ស ៤នាក់ស្លាប់ និងរបួស ផ្ទះប្រជាពលរដ្ឋចំនួន ៥៤ខ្នងបានរងការខូចខាតដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ នៅខេត្តកំពង់ធំ
សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ក្នុងស្រុកចំនួន២គឺស្រុកកំពង់ស្វាយនិងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅ ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ បានបណ្តាលឲ្យរលំផ្ទះសង្កត់ស្ត្រីម្នាក់ស្លាប់ និងរបួសធ្ងន់៣នាក់ រួមទាំងបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៤៣ខ្នងរងការខូចខាតនិង ងាប់គោ១ក្បាលផងដែរ។ក្នុងហេតុការណ៍នោះបានបណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ ណាន នីន ភេទស្រី អាយុ ៣៦ឆ្នាំបានស្លាប់និងមនុស្ស៣នាក់ទៀតរងរបួសរួមមានឈ្មោះ ឡាយ លឹម អាយុ៣៦ឆ្នាំ របួសធ្ងន់ ,ឈ្មោះឃឿន លីណា អាយុ៧ឆ្នាំ របួសធ្ងន់ និងម្នាក់ទៀត ឈ្មោះ ឃឿន ស៊ីថា អាយុ៩ខែ ។
ចំណែកនៅ ឃុំសំបូរ និងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់ ផ្គរ និងរន្ទះ បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១១ខ្នងបានរងការខូចខាតក្នុងនោះ រលំ និងរបើកដំបូលផ្ទះ ចំនួន ១០ខ្នង, របើកដំបូលសាលារៀនចំនួន ១ខ្នងនិងរន្ទះបាញ់ស្លាប់ក្របីជំទង់ ១ក្បាលផងដែរ ។ ក្រសួងធនធានទឹកនិងឧតុនិយម បាន ដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់បន្តថែមទៀតក្នុង សប្តាហ៍នេះ។