គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចបានចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងថាគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចបានចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍ឱ្យកាន់តែប្រសើរឡើង។
ថ្លែងប្រាប់បណ្តាញសារព័ត៌មានតាមរយៈប្រព័ន្ធអេឡិកត្រូនិកនៅថ្ងៃទី ០៤ ខែ មិថុនាឆ្នាំ ២០២១នេះ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា បច្ចុប្បន្នក្រសួងបរិស្ថានបាននិងកំពុងគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច (ទំហំដីមិនលើសពី១០ហិកតាក្នុងមួយគម្រោង) ចំនួន ១៩៩ គម្រោងដែលស្ថិតនៅ ក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនៅទូទាំងប្រទេសកម្ពុជាក្នុងនោះមានដូចជានៅ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឧទ្យានជាតិកែប ដែនជម្រកសត្វព្រៃឱរ៉ាល់ ឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈ គិរីរម្យ ឧទ្យានជាតិក្រវ៉ាញកណ្តាល ដែនជម្រកសត្វព្រៃកែវសីម៉ា ដែនជម្រកសត្វព្រៃតាតៃ និងពាមក្រសោបជាដើម។
ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា”ក្រសួងបរិស្ថានជឿជាក់ថាជាមួយគម្រោង វិនិយោគអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចនេះ នឹងចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍”។
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្រ្តាបានឱ្យដឹងដែរថាចំពោះគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិទាំងនោះមានសក្តានុពលទេសចរណ៍ដូចជាទឹកធ្លាក់ ទេសភាពនិងព្រៃឈើ និងសត្វព្រៃជាដើម។ គម្រោងមួយចំនួនបាននិងកំពុងដំណើរការ និងមួយចំនួនទៀតបាននិងកំពុងរៀបចំនីតិវិធីនៃការធ្វើកិច្ចសន្យាការពារបរិស្ថាន ការរៀបចំប្លង់មេ និងកម្មវិធីអភិវឌ្ឍន៍។ នេះជាការបង្កើតតំបន់ទេសចរណ៍ថ្មីបន្ថែមលើអ្វីដែលមានស្រាប់គ្រប់គ្រងដោយសហគមន៍។ បច្ចុប្បន្ននេះ សហគមន៍ទេសចរណ៍ធម្មជាតិចំនួន ២៦ បាននិងកំពុងតែគ្រប់គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិ។
ឯកឧត្តមបានលើកមកបញ្ជាក់បន្ថែមថា ការវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនេះគឺការបង្កើតរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីៗបន្ថែមទៀតដែលជាទីទាក់ទាញសម្រាប់អ្នកស្រឡាញ់ធនធនធម្មជាតិដើរកម្សាន្ត ស្វែងយល់ពីធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែបនៅកម្ពុជា។ ទេសចរណ៍ធម្មជាតិក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំ និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យ ស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះ។
ឯកឧត្តម រដ្ឋលេខាធិក្រសួងបរិស្ថាន នេត្រ ភក្រ្តា បានធ្វើការពន្យល់ជុំវិញបញ្ហានេះដែរថា ការជំរុញលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិគឺដើម្បីជំរុញការចូលរួមក្នុងកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានពីដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហ គមន៍មូលដ្ឋាន។ សហគមន៍ដើរតួនាទីសំខាន់ក្នុងការចូលរួមទទួលខុសត្រូវការពារអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស និងកសាងជារបងការពារតំបន់ការពារធម្មជាតិតាមរយៈការបង្កើតមុខ របរថ្មី ផ្តល់ជម្រើសថ្មី និងបង្កើនចំណូលប្រចាំថ្ងៃ បង្កើនជីវភាពរបស់ប្រជាពលរដ្ឋា៕ដោយ៖ម៉ាដេប៉ូ