ដើម្បីលើកកម្ពស់សមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តន៍ គម្រោងដកស្រង់មេរៀនបទពិសោធ និងទទួលជំនួយឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ ពីប្រទេសចិនផងដែរ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ឯ,ឧ សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ ឯ,ឧ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង លោក Nick Beresford ប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងដកស្រង់មេរៀនបទពិសោធពីប្រទេសចិន ដើម្បីលើកកម្ពស់សមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពីការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ និងប្រគល់-ទទួលឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ តាមរយៈវីដេអូសន្និសីទ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២១ ដែលឧបករណ៍ទាំងនេះ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន តាមរយៈកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ឯ,ឧ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ជំនួយឥតសំណងជាច្រើន ត្រូវបានផ្ដល់ជូនក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកពង្រឹងនិង ពង្រីកវិស័យសុខាភិបាលកម្ពុជា រួមមាន៖ ១៖ គម្រោងកែលម្អមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រួមទាំង បំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ២៖ គម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ រួមទាំងបំពាក់ សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ៣៖ ការផ្ដល់រថយន្តគ្លីនិកចល័ត រួមទាំងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ និងសម្ភារៈបរិក្ខារផ្សេងៗ ចំនួន៤០គ្រឿង ៤៖ ការផ្គត់ផ្គង់រថយន្តគិលានសង្គ្រោះ ចំនួន ២០០គ្រឿង ៥៖ ការផ្គត់ផ្គង់ ម៉ាស៊ីនអេកូសាស្ត្រ ចំនួន ២០០គ្រឿង ៦៖ គម្រោង “ដំណើរនៃក្តីស្រលាញ់ពីបេះដូង“ នៅកម្ពុជា ដោយបាន បញ្ជូនកុមារមានជំងឺបេះដូងចំហពីកំណើត ចំនួន២៤នាក់ ទៅធ្វើការវះកាត់នៅប្រទេសចិន ដោយឥតគិតថ្លៃ និងបានទទួលជោគជ័យ ទាំង២៤នាក់។

ឯ,ឧ រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ ទាំងជំនួយបច្ចេកទេស ទាំងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រនិងមន្ទីរពិសោធន៍ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ សរុបជាទឹកប្រាក់ប្រមាណជាង ១០លានដុល្លារអាមេរិក ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ នាខែមករា ឆ្នាំ២០២០។

លើសពីនេះទៀត ក្រោមការសម្របសម្រួលរបស់ស្ថានទូតចិនប្រចាំកម្ពុជា ជំនួយវ៉ាក់សាំងស៊ីណូម ចំនួន មួយលានប្រាំពីសែនដូស ត្រូវបានប្រគល់ឱ្យកម្ពុជា ដែលជាលក្ខណៈពិសេសនៃចំណងមិត្តភាពរីដកថែប កម្ពុជា-ចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយធានាឱ្យកម្ពុជាមានវ៉ាក់សាំងទាន់ពេលវេលាសម្រាប់ចាក់ជូន ប្រជាពលរដ្ឋ។

ឯ,ឧ រដ្ឋមន្ត្រី ក៏បានគូសរំលេចថា ថ្ងៃនេះជាមោទនភាពថ្មីមួយទៀត តាមរយៈកម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់នូវឧបករណ៍បរិក្ខារ វេជ្ជសាស្ត្រសម្រាប់ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ចំនួន១២មុខ ដើម្បីពង្រឹងសមត្ថភាពការគ្រប់គ្រងសំណល់ វេជ្ជសាស្ត្រ។ ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង និងការប្រគល់នូវឧបករណ៍បរិក្ខារវេជ្ជសាស្ត្រនាពេលនេះ ជាការរួមចំណែកយ៉ាងសំខាន់រួមចំណែកជំរុញការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានឆាប់រហ័ស។

ឯ,ឧ រដ្ឋមន្ត្រី បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេស លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា តែងតែសម្របសម្រួលក្នុងការផ្ដល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យសុខាភិបាល និងសម្តែង នូវការកោតសរសើរចំពោះ លោក Nick Beresford ប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំប្រទេស កម្ពុជា ដែលបានខិតខំជំរុញឱ្យនេះលេចចេញជារូបរាងឡើង ហើយសង្ឃឹមថានឹងមានគម្រោងថ្មីៗជាបន្តទៀត។

ឯ,ឧ រដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សុខាភិបាលទាំងអស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ផ្នែកពាក់ព័ន្ធ និងដៃគូទាំងអស់ ដែលបានសហការគាំទ្រយ៉ាងពេញទំហឹងក្នុងការប្រយុទ្ធនឹងជំងឺកូដ-១៩ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner