អគារសិក្សា ១ខ្នង ៣បន្ទប់ ជាជំនួយរបស់សប្បុរសជនជប៉ុន ត្រូវបានបញ្ចុះបឋមសិលាសាងសង់ នៅខេត្តក្រចេះ
ក្រចេះ ៖ អគារបឋមសិក្សា ១ខ្នង ៣បន្ទប់ ដែលជាជំនួយរបស់អង្គការសប្បុរសជនជប៉ុន នៅក្នុងភូមិរលៀក ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ ក្រោមអធិបតី ឯកឧត្តមអភិបាលខេត្ត វ៉ា ថន កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ ។
ឯកឧត្តម វ៉ា ថន បានថ្លែងអំណរគុណ ចំពោះកិច្ចខំប្រឹងប្រែង និងកិច្ចសហការដ៏ល្អរបស់អាជ្ញាធរខេត្ត មន្ទីរអប់រំយុវជន និង កីឡា ជាមួយដៃគូអភិវឌ្ឍ ជាពិសេសអង្គការសប្បុរសជនជប៉ុន ដែលបានចូលរួមគាំទ្រអភិវឌ្ឍន៍និងលើកកំពស់គុណភាពអប់រំ តាមរយៈការផ្តល់នូវអគារសិក្សាជាច្រើន ជាពិសេសតាមតំបន់ដាច់ស្រយាល ដើម្បីបង្ខិតសេវាអប់រំឲ្យកាន់តែកៀកនឹងមូលដ្ឋានប្រជាពលរដ្ឋ ។
ឯកឧត្តម អភិបាលខេត្តក៍បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន និងសប្បុរសជននានា ឲ្យជួយចូលរួមគាំទ្របន្ថែមនៅតំបន់ផ្សេងៗទៀត ក្នុងខេត្តក្រចេះ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ៕ ដោយ ម៉េង គាង