ប្រជាពលរដ្ឋមួយគ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះ បានទទួលអំណោយ ពីអនុសាខា កាកបាទក្រហមកម្ពុជាក្រុងបានលុង
រតនគិរី ៖ លោក ងិន ណែល អភិបាលក្រុង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបានលុង និងប្រតិភូរួមដំណើរ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមផ្តល់ជូនប្រជាពលរដ្ឋ ០១គ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ នៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។ អំណោយដែលត្រូវផ្តល់ជូនរួមមាន អង្ករ៥០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រម៉ា១ មី១កេះ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ និងថវិកាចំនួន ៣២ម៉ឺននរៀល ។
លោក ងិន ណែល បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមឱ្យប្រុងប្រយ័ត្នជានិច្ចចំពោះការប្រើប្រាស់ភ្លើងចង្ក្រាន ភ្លើងទៀន ឬ អគ្គិសនី ដែលងាយបង្ករឱ្យមានគ្រោះអគ្គិភ័យបានគ្រប់ពេលវេលា និងសូមឱ្យបងប្អូនទាំងអស់ ត្រូវរស់នៅស្អាត ហូបស្អាត ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាមក្នុងរដូវវស្សានេះ ពិសេសចូលរួមកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងវិធានការការពារការឆ្លងជំងឺកូវីដ-១៩ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំផងដែរ ៕ ដោយ គតិ យុត្ត