ប្រមុខ​ការទូត​កម្ពុជា​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ចិន​នា​ដើម​សប្តាហ៍​ក្រោយ​

​ភ្នំពេញៈ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន​និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី ការបរទេស​មេគង្គ​-​ឡាន​ឆាង (MLC) លើក​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​៧ និង​ថ្ងៃទី​៨ ខែមិថុនា​ឆ្នាំ​២០២១​នៅ ទីក្រុង​ឆុង​ឈី​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ទន្ទឹមនេះ​ឯកឧត្តម ប្រាក់​សុខុន ក៏​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច ការងារ​នៅ​ទីនោះ​ផងដែរ​។​ឯកសារ​ចំនួន​ពីរ​ត្រូវបាន​រំពឹងថា​នឹងត្រូវ​ចុះហត្ថលេខា​។​ដំណើរ​អញ្ជើញ​ចូលរួម​និង ទស្សនកិច្ច​នេះ គឺ​តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម វ៉ាង យី​ ទីក្រុមប្រឹក្សារដ្ឋ​និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន ។​

ឯកឧត្តម វ៉ាង យី ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីពេលកន្លងទៅ(រូបឯកសារ)

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​រសៀល​ថ្ងៃទី​៤​ខែមិថុនា​នេះ​បញ្ជាក់ថា កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៧ ខែមិថុនា​គឺជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ទំនាក់ទំនង​សន្ទនា​អាស៊ាន​-​ចិន​។ នៅក្នុង​ជំនួប​ដើម្បី​អបអរសាទរ​នេះ​រដ្ឋមន្ត្រី​ការបរទេស អាស៊ាន​និង​ចិន​ត្រូវបាន​រំពឹងថា​នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ជាក់លាក់​នៅក្នុង​វិស័យ​ផ្សេងៗ ក៏ដូចជា​ធ្វើការ​ពិភាក្សា​អំពី​ការលើកកម្ពស់​បន្ថែម ទៀត​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ចិន​ក្នុង​បរិបទ​បច្ចុប្បន្ន​នៃ ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​កើតមានឡើង​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ចិន​ក៏​នឹងផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហាតំបន់ និង​អន្តរជាតិ​ដែលជា​ចំណាប់អារម្មណ៍​រួម ផងដែរ​។​

​សេចក្តីប្រកាស​ដដែល​ប​ន្ត​ថា ក្នុងអំឡុងពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៦ នៅ​ថ្ងៃទី​៨ ខែមិថុនា រដ្ឋមន្ត្រីការបរទេស MLC នឹងធ្វើ​ការវាយតម្លៃ​ទៅលើ​វឌ្ឍនភាព​ដែល​សម្រេចបាន​ក្នុង​រយៈពេល​៥​ឆ្នាំកន្លងមក​នៃ កិច្ចសហប្រតិបត្តិការ កំណត់​ទិសដៅ​អនាគត​សម្រាប់​កិច្ចសហប្រតិបត្តិការ​ដែល​កាន់តែ​ទូលំទូលាយ ជាពិសេស​ក្នុង កាលៈទេសៈ​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ហើយ​និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​នូវ​ចំណងមិត្តភាព​និង​ការគាំទ្រ​គ្នា​ទៅវិញ ទៅមក​រវាង​បណ្តា​ប្រទេស​មេគង្គ និង​ប្រទេស​ចិន ស្ថិតក្រោម​ស្មារតី​លើកកម្ពស់ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការតភ្ជាប់​ផ្នែក​សង្គម និង​វប្បធម៌នៅក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង​។​

​ស្របគ្នា​ជាមួយ​កិច្ចប្រជុំ​ទាំងពីរ​ខាងលើ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ នៅក្នុង​ប្រទេស​ចិន ដែល​ក្នុងឱកាស​នោះ ឯកឧត្តម នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ ឯកឧត្តម​ក្រុមប្រឹក្សារដ្ឋ វ៉ាង យី ហើយ​នៅ​ចុងបញ្ចប់​នៃ​ជំនួប​នេះ​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​២ មាន​ដូចខាងក្រោម​៖
១. អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទូរគមនាគមន៍ ព័ត៌មាន និង បច្ចេកវិទ្យា​ទំនាក់ទំនង រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា និង​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​ចិន ។​
២.​គម្រោង​កម្មវិធី​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈកម្ពុជា និង​ក្រសួង​វប្បធម៌​ចិន ។​

​ក្នុងឱកាស​នៃ​ការ​ស្នាក់នៅ​ទីក្រុង​ឆុង​ឈី​ង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោង​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី ការបរទេស​នៃ​ប្រទេស​មួយចំនួន​ដោយផ្ទាល់ ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ទ្វេភាគី ៕ ដោយៈ ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner