គណៈកម្មាធិការខ ២៦.១ ខេត្តកំពង់ធំ ផ្សព្វផ្សាយសេចក្តី សម្រេចស្ដីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
ខេត្តកំពង់ធំ៖ គណៈកម្មាធិការ ខ២៦,១ ខេត្តកំពង់ធំ បានដំណើរការផ្សព្វផ្សាយសេចក្តីសម្រេច ស្ដីពី ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី ៥ របស់គណកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាពឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការ ខ២៦.១ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ។
លោក ង៉ាង ស អនុប្រធានគណៈកម្មាធិការ ខ២៦.១ អានសេចក្តីសម្រេចផែនការឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី ៥ របស់គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងសេចក្តីសម្រេចកែសម្រួលថ្មីនូវសមាសភាព ក្រុមការងាររបស់គណៈកម្មការខ២៦.១ ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង និងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីចាត់តាំងដំណើរការអនុវត្តន៍ ទៅតាមភារកិច្ចនៅតាមមូលដ្ឋាននីមួយៗ ។
ឯកឧត្តម សោម ស៊ុន បានប្រគល់ភារកិច្ច ដើម្បីឈានឆ្ពោះបន្តទៅដណ្ដើមជ័យជំនះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី ៥ ខាងមុខនេះ គឺ: ទី១ ត្រូវបន្តសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋាន ដោយសហការឲ្យបានហ្មត់ចត់ជាមួយគណបក្សឃុំ សាខាបក្សភូមិ ក្នុងការបម្រើប្រជាជននៅតាមមូលដ្ឋាននីមួយៗ អនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ៣កុំ និង៣ ការពាររបស់សម្តេចតេជោហ៊ុន សែន ទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ។ ទី២ រួមគ្នាគ្រប់គ្រងសមាជិកគណបក្សចាស់ ទាំងខាងការងារចាត់តាំង និង ខាងការងារសតិអារម្មណ៍ នឹងត្រូវខិតខំកសាងពង្រីកសមាជិកបក្សថ្មី ស្ថិតក្នុងស្រទាប់យុវជន ឲ្យគ្រប់តាមសន្ទស្សន៍ដែលថ្នាក់លើបានកំណត់ ។
ទី៣ ត្រូវត្រួតពិនិត្យ និងអនុវត្តនូវកិច្ចការទូទៅតាមប្រតិទិន ដែលបានកំណត់ ឲ្យសមាជិកគណបក្សប្រជាជន យើងនៅតាមមូលដ្ឋាននីមួយៗ ចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នាៗ ដោយអនុវត្តតាមពាក្យស្លោកសមាជិកម្នាក់ គឺសន្លឹកឆ្នោតមួយសន្លឹក សមាជិក សមាជិកា នៃគណៈកម្មការ ខ ២៦.១ ដែលជាក្រុមការងារចុះជួយមូលដ្ឋាន ឃុំទាំងពីរ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ បានប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តនូវសេចក្តីសម្រេចចិត្ត ស្ដីពី ផែនការឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់ របស់គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យ ៕ ដោយ ប៊ុន រដ្ឋា