ហ្វូងសត្វកម្រជាច្រើនប្រភេទត្រូវថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់

រាជធានីភ្នំពេញ៖ មួយថ្ងៃមុនការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនាក្រោមប្រធានបទ«ជីវៈចម្រុះនិងសុខភាពមនុស្ស» នៅថ្ងៃទី៤ ខែមិថុនានេះ ក្រសួងបរិស្ថានបានប្រកាសពីការថតតាមរយៈម៉ាស៊ីនថត ស្វ័យប្រវត្តិនូវសត្វកម្រជាច្រើនប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង​ និងខេត្តពោធិ៍សាត់។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ប្រភេទសត្វកម្រទាំងនោះរួមមានដំរីព្រៃអាស៊ី កែះ ខ្លាពពក ខ្លាឃ្មុំធំ ខ្ទីង និងប្រើសជាដើមដែល បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ការចុះប្រតិបត្តិការរបស់មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ប្រមូលទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិទទួលបានរូបភាពនិងវិដេអូសត្វព្រៃនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺបន្ទាប់ពីបានដាក់ជាច្រើនខែរួចមក។ ក្រៅពីសត្វទាំងនេះ តំបន់នេះក៏មានប្រភេទសត្វ​មាន​ដោយកម្រ ជិតផុតពូជ ទទួល​រងគ្រោះថ្នាក់ និងគំរាមកំហែងផ្សេងទៀតដូចជាទន្សោង ស្វាព្រាម ទោចម្គុដ ខ្លារខិន ខ្លាលឿងមាស ជ្រូកពោន កំប្រុកធំ ក្ងោក កេងកងតូច សេកសោមផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានមានប្រសាសន៍ថា រូបភាពសត្វព្រៃជិតផុតពូជរងការគំរាមកំហែង និងមានដោយកម្រមួយចំនួន ដូចជាសត្វដំរីអាស៊ី ខ្លាពពក ខ្លាំឃ្មុំតូច ខ្ទីង ប្រើសដែលថតបាន ភាគច្រើនដើរជាហ្វូង និងមានកូនតូចៗជាច្រើន ពិសេសសត្វដំរីព្រៃក្នុងមួយហ្វូងមានកូនតូច ដំរីជំទង់ និងពេញវ័យក្នុងមួយក្រុមៗមានដំរីព្រៃចន្លោះពី១០ ទៅ២០ក្បាល។

 ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ក្រសួងបរិស្ថានសូមថ្លែងអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប មន្ទីរបរិស្ថាន មន្រ្តីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន នៃ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលពីក្រុមការងារអនុសមាសភាគ ១.២ នៃគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ប្រមូលទិន្នន័យដ៏មានសារៈសំខាននេះ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការប្រមូលបានទិន្នន័យនៃ ប្រភេទសត្វព្រៃកម្រ នៅក្នុងដែនជម្រកសត្វព្រៃនៅពេលនេះ គឺជាដំណឹងដ៏ល្អបំផុតមួយថ្ងៃមុនពេលកម្ពុជានិងពិភពលោកទាំងមូលត្រៀមប្រារព្ធទិវាបរិស្ថានដែលក្នុងឆ្នាំនេះផ្តោតសំខាន់លើការស្តារឡើងវិញនៃប្រព័ន្ធអេកូឡូ ស៊ី ហើយកម្ពុជាបានផ្តោតជាសំខាន់លើប្រធានបទ«ជីវៈចម្រុះនិងសុខភាពមនុស្ស»។

ពាក់ព័ន្ធក្នុងរឿងនេះដែរ ឯកឧត្តម បានឱ្យដឹងបន្ថែមថាក្នុងការ សិក្សាស្រាវជ្រាវនេះ ក្រុមមន្ត្រីជំនាញក្រសួងបរិស្ថានបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ៨៥ នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្នុងគោលបំណងដើម្បី ១) បង្កើនចំណេះ​ដឹង​ពីវិធីសាស្រ្តសិក្សា​ និង​ប្រមូល​​ទិន្នន័យ​ជីវៈចម្រុះ ២) ស្វែងរកវត្តមាននិងអវត្តមានប្រភេទសត្វ​មាន​ដោយកម្រ ជិតផុតពូជ ទទួល​រងគ្រោះថ្នាក់ និងគំរាមកំហែង ៣)វាយតម្លៃស្ថានភាព និងរបាយសត្វព្រៃសំខាន់ៗ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានពន្យល់ពីវិធីសាស្ត្រនៃការស្រាវជ្រាវនេះថា ការដាក់​ម៉ាស៊ីន​ថតដោយស្វ័យប្រវត្តិនៅក្នុងការកំណត់​វត្តមាន​​ប្រភេទសត្វ ដែលមានដោយកម្រ ជិតផុត ពូជ ងាយរងគ្រោះថ្នាក់ និងគំរាមកំហែងនេះដោយរៀបចំ ជាប្រព័ន្ធដែលមានចម្ងាយពី​ម៉ាស៊ីន​ថត ដោយស្វ័យប្រវត្តិមួយទៅមួយទៀត ២ គីឡូម៉ែត្រ ហើយការ​ជ្រើសរើសទីតាំងសំខាន់ៗសម្រាប់ដាក់ម៉ាស៊ីថតស្វ័យប្រវត្តិ នៅតំបន់ដែលសំខាន់ៗសម្រាប់សត្វព្រៃ រួមមាន៖ តំបន់ដីច្រាប តំបន់ទឹកច្រប់ តាមមាត់ត្រពាំង បឹង បួរ និងគន្លងសត្វព្រៃមួយចំនួនទៀត។ ម៉ាស៊ីថតស្វ័យប្រវត្តិនឹងត្រូវរក្សាក្នុងព្រៃរយៈពេល ៦ ខែ ក្នុងអំឡុងខែប្រាំង (៣ខែ) និងអំឡុង​ខែវស្សា (៣ខែ) ហើយក្រុមការងារនឹងចុះទៅផ្លាស់ប្តូរថ្ម និងយកអង្គចងចាំ (memory card) ជារាងរាល់ ២ខែម្តង។

សូមបញ្ជាក់ថាគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាក្រោមហិរញ្ញប្បទានពីធនាគារ​ពិភព​​លោក ហើយគម្រោងនេះបានចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ និង​គ្រោង​នឹង​​បញ្ចប់នៅ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រង​តំបន់​​ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃ​អនុផល​ព្រៃឈើ​នៅតំបន់​ទេសភាព​ជួរភ្នំក្រវាញ និងបឹងទន្លេសាប​។ គម្រោងនេះចែកជា ៥ សមាសភាគ៖ ១) ការ​ពង្រឹង​សមត្ថភាព​ក្នុងការរៀប​ចំ​​ផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ ២) ពង្រឹងឱកាសសម្រាប់អភិវឌ្ឍទេសចរណ៍​ធម្មជាតិ និងច្រវាក់តម្លៃអនុផលព្រៃឈើ ៣) ជំរុញនូវការតភ្ជាប់ខ្សែ​ផ្លូវ​ចេញ​ចូលនៅតាមជនបទ ៤) ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ និង ៥) ការឆ្លើយ​តប​ទៅនឹងគ្រោះអាសន្ន។

ការដែលជ្រើសរើសដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែឡត្រូវបង្កើតដោយព្រះរាជក្រឹត្យចុះថ្ងៃទី0១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្ថិត​ក្នុង​ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ភាគ​​និរតីនៃប្រទេសកម្ពុជាដើម្បីដាក់ម៉ាស៊ីថតស្វ័យប្រវត្តិនេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា ឱ្យដឹងថាដោយសារតែតំបន់ការពារ​ធម្មជាតិនេះគ្របដណ្តប់ដោយប្រភេទ​​ព្រៃស្រោង ពាក់កណ្តាល​ស្រោង ​ព្រៃល្បោះ លាយ​ឡំ​ដោយ​ព្រៃឫស្សី និង​វាលស្មៅ។ លើសពីនេះទៀត ទីតាំងភូមិសាស្រ្តក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់មានស្ទឹង និងអូរ​ជា​ប្រភព​ទឹក ដែល​ជា​​ទីជម្រក​​ប្រសើរសម្រាប់សត្វព្រៃ និងសម្រាប់ជួយ​គាំទ្រដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដែលចាំបាច់តម្រូវ​ឱ្យ​មាន​​​ការគ្រប់គ្រង និងអភិរក្សស្របតាមគោលការណ៍ណែនាំ និងបច្ចេកទេស។

ទន្ទឺមនឹង ដំណឹងដ៏ល្អនៃការរកឃើញវត្តមានសត្វព្រៃកម្រជាច្រើននេះ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋលេខាធិការបានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជានេះឱ្យបានគង់ វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕ ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner