គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាយល់ព្រមសំណើលាឈប់លោកស៊ិកប៊ុនហុកពីប្រធានគជប (Video Inside)
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានយល់ព្រមនូវសំណើសុំលាឈប់របស់ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត លោកស៊ិក ប៊ុនហុក និងយល់ព្រមអនុញ្ញាតការរកបេក្ខជនជំនួស។លោកស៊ិកប៊ុនហុក ដែល មានវ័យជរា ត្រូវគេបញ្ជាក់ថាបានសុំលាឈប់ពីតំណែងដោយសារតែមានជម្ងឺប្រចាំកាយ។ កិច្ចប្រជុំគណៈ កម្មាធិ ការអចិន្រ្តៃយ៍រដ្ឋសភាក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រីហេងសំរិន នៅព្រឹកថ្ងៃទី៤មិថុនា បានសម្រេច យល់ព្រមប្រគល់ភារកិច្ចជូនដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការធ្វើសេចក្តីជូនដំណឹងដើម្បីជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជំនួស លោក ស៊ិក ប៊ុនហុក។ អគ្គលេខាធិការរដ្ឋសភា លោកឡេង ប៉េងឡុង បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃនេះបញ្ជាក់ជុំវិញការសុំលាឈប់របស់លោក ស៊ិកប៊ុនហុកដែល តាំងពីថ្ងៃទី១មិថុនានោះមក។
លោកស៊ិកប៊ុនហុក បានចូលកាន់តំណែងជាប្រធានគជបជំនួសលោក អ៊ឹម សួស្តី កាលពីថ្ងៃទី១៣មេសាឆ្នាំ ២០១៥។ មន្ត្រីរដ្ឋសភាបានថ្លែងថាការជ្រើសរើសបេក្ខជនថ្មីនេះ នឹងត្រូវប្រើប្រាស់រយៈពេល៥ថ្ងៃ។ ក្រោយការ ជ្រើសរើសរួចហើយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងយកឈ្មោះបេក្ខជនជ្រើសរើសនោះ ទៅធ្វើកិច្ចពិភាក្សាជាមួយគណបក្សដែលបានតែងតាំងលោក ស៊ិក ប៊ុនហុក ដែលការពិគ្រោះពិភាក្សានោះ នឹងមានរយៈពេល ៣ថ្ងៃទៀត។ បន្ទាប់មកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងយកបេក្ខជនដែលបានស្នើចុងក្រោយនោះ ដាក់ ជូនរដ្ឋសភាពេញអង្គដើម្បីការបោះឆ្នោតអនុម័តសម្រេច និងក្រោយការអនុម័តរួចរាល់ហើយ ឈ្មោះឥស្សរជន ដែល ទទួលបានការគាំទ្រពីសភានោះនឹងត្រូវបញ្ជួនថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រហស្ថចេញព្រះរាជក្រិត្យ ស្បថចូលកាន់តំណែង។