អេលីត ចំរើន តាំងចិត្តដណ្តើមមេដាយពីស៊ីហ្គេម នៅវៀតណាម ឲ្យបានបន្ទាប់ពីខកខាន ស៊ីហ្គេម ឆ្នាំ២០១៩ ដោយសារបញ្ហាសុខភាព
ជម្រើសជាតិគុនខ្មែរ ទម្ងន់៥៧គីឡូក្រាម អេលីត ចំរើន បានបង្ហាញក្តីសប្បាយរីករាយ ដោយជាប់ឈ្មោះជាកីឡាករជម្រើសជាតិគុនខ្មែរ ត្រៀមស៊ីហ្គេម នៅប្រទេសវៀតណាម ខណៈ ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ខកិខានមិនបានចូលរួម ដោយសារតែជំងឺគ្រុនឈិ ។
អេលីត ចំរើន អះអាងទៀតថា ប្រភេទទម្ងន់៥៧គីឡូក្រាមនេះ មានកីឡាករ២រូប គឺកីឡាករ ប៊ុន សុធា និងរូបគេ ។ ហើយក្នុងចំណោមទាំង២រូបនេះ សហព័ន្ធនឹងជ្រើសរើសយកតែម្នាក់ ដើម្បីចូលរួមប្រជែងមេដាយ នៅ ស៊ីហ្គេម លើកទី៣១ នាប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះ ។ ម្ចាស់ខ្សែក្រវ៉ាត់មាសរូបនេះ បញ្ជាក់ទៀតថា ប្រសិនបើបើសហព័ន្ធសម្រេចជ្រើសរើសឲ្យចូលរួមតំណាងឲ្យកម្ពុជាមែននោះ រូបគេប្តេជ្ញាចិត្តដណ្តើមមេដាយឲ្យបានជូនកម្ពុជា ។
សូមបញ្ជាក់ថា អេលីត ចំរើន ធ្លាប់ជាប់ជាជ្រើសជាតិគុនខ្មែរម្តង ក្នុងឆ្នាំ២០១៩ ប៉ុន្តែត្រូវបានខកខានមិនបានចូលរួមស៊ីហ្គេម នៅហ្វីលីពីន ដោយសារតែជំងឺគ្រុនឈិ មុនពេលចេញដំណើរ៣ថ្ងៃ ។
គួររំលឹកថា អេលីត ចំរើន មានអាយុ២៦ឆ្នាំ ធ្លាប់បានគ្រងខ្សែក្រវ៉ាត់ចំនួន២ខ្សែ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ជើងឯកទូរទស្សន៍ 0NE TV ឈ្នះកីឡាករ ម៉ន សាម៉េត និងខ្សែក្រវ៉ាត់ទី២ ឈ្នះកីឡាករ វ៉ាន់ វឿន ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់មាស នៅ PNN ៕