សម្តេចតេជោ ហ៊ុន សែន ចាត់តំណាងចុះពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជននៅខេត្តពោធិ៍សាត់

អត្ថបទដោយ៖
Kien Sereyvuth

ពោធិ៍សាត់ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី៥ ខែ មិថុនាឆ្នាំ២០២១នេះ បានចាត់តាំង ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិកាសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ នៃការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាងសង់ផ្ទះ សង់បង្គន់អនាម័យ ខួងអណ្តូងទឹក បំពាក់ប្រព័ន្ធសូឡា ឱ្យបានឆាប់រហ័ស ក្នុងការផ្តល់ជូនគ្រួសារអតីតយុទ្ធជនជាង៦០០គ្រូសារ ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់បង្ករបង្កើនផលឲ្យបានឆាប់រហ័ស ខណៈ រដូវវស្សា បានខិតជិតមកដល់ហើយនោះ ។

ឯកឧត្តមទេសរដ្ឋមន្រ្តីគន់ គីម ក៏បានជួបសំណេះសំណាលជាមួយកងកម្លាំង និងក្រុមជាងសាងសង់ផ្ទះ និងសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនក្រីក្រ និងមានពិការភាព ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួចជាបណ្តើរៗនេះផងដែរ ដោយការសាងសង់នេះបានរួចជាជំហានដំបូងចំនួន ៨០ខ្នងហើយ ក្នុងចំណោមជាង ៦០០ខ្នង ។

គួរបញ្ជាក់ថា កាកបាទក្រហមកម្ពុជា និងសមាគមអតីតយុទ្ធជន រួមជាមួយគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីពន្លឿនដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាងសង់ផ្ទះចំនួន ៦២៨ខ្នង សង់បង្គន់អនាម័យ ខួងអណ្តូងទឹក មន្ទីរពេទ្យ សាលារៀន កន្លែងស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ បំពាក់ប្រព័ន្ធសូឡា ឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ជូនគ្រួសារអតីតយុទ្ធជនទាន់រដូវវស្សា ដែលជារដូវបង្កបង្កើនផល ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា នឹងធ្វើពិធីប្រគល់-ទទួលផ្ទះចំនួន ៥០ខ្នង នៅសប្តាហ៍ទី២ ខែមិថុនាខាងមុខ និងប្រគល់ជូនទៅតាមកាលកំណត់បន្តបន្ទាប់ទៀត ។ ក្នុងឱកាសនោះ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវស្បៀងអាហារមួយចំនួនប្រគល់ជូនដល់កងកម្លាំង និងក្រុមជាងសាងសង់ផ្ទះផងដែរ ។

ក្រោយទទួលបានផ្ទះ និងដីសម្រាប់បង្ករបង្កើនផល បងប្អូនអតីតយុទ្ធជន ដែលភាគច្រើនជាអតីតយោធា និងនគរបាល បានសម្តែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំង និងអគុណយ៉ាងក្រៃលែងចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយពួកគាត់បានលើកឡើងថា អំណោយរបស់សម្តេចទាំងពីរ នេះគឺប្រៀបបានដូចស្រង់ជីវិតរបស់ពួកគាត់ឲ្យរស់យ៉ាងសុខស្រួលម្តងទៀតនោះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner