សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យរដ្ឋបាល និងមន្ទីរសុខាភិបាលតាមខេត្តទាំងអស់ ជ្រើសរើសសណ្ឋាគារ ឬសាលារៀន ដើម្បីធ្វើជាកន្លែងត្រៀមបង្ការ ចាំទទួលអ្នកជំងឺដោយវីរុស កូវីត-១៩

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមសារបញ្ជាផ្ទាល់មាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើជូនរដ្ឋបាល និងមន្ទីរសុខាភិបាលបណ្ដាខេត្ត នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា ក្នុងករណីដំបូង ត្រូវគិតឱ្យច្បាស់ពីទីតាំង គឺមិនសំដៅតែលើសាលារៀនទេ ។ សម្ដេចថា ការជ្រើសយកសាលារៀននេះ គឺយើងសំដៅតែទៅលើទីតាំងណាមដែលមិនអាចរកកន្លែងធ្វើជាទីតាំងព្យាបាលជំងឺបាន ប៉ុន្តែដោយសារឃើញសណ្ឋាគារជាច្រើននៅតាមបណ្ដាខេត្ត មិនមានភ្ញៀវស្នាក់នៅទេ ហើយក៏មានអាគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមួយចំនួន ក៏មានខ្លះដែរ ដូច្នេះបើមានសណ្ឋាគារ ឬមជ្ឈមណ្ឌលណាដែលល្អ គឺយើងយកតែម្ដងមិនបាច់យកសាលារៀនទេ ដូចជានៅខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ឬខេត្តដទៃទៀត ដែលមានសណ្ឋាគារស្រាប់ យើងជួលយកសណ្ឋាគារនោះតែម្ដង ព្រោះវាមានប្រព័ន្ធទឹក-ភ្លើង និងម៉ាស៊ីនត្រជាក់ កង្ហាគ្រប់គ្រាន់ និងមានគ្រែហើយស្រាប់ អញ្ចឹងទេយើងជួលយកគ្រប់គ្រងតែម្ដង ដូច្នេះវាមានភាពងាយស្រួល ។

សម្ដេចតេជោ  ហ៊ុន សែន ក៏បានបញ្ជាឲ្យខេត្ត ធ្វើការងារនេះជាបន្ទាន់ទៅលើបញ្ហានេះ ចំណែកឯសាលារៀន យើងយកតែពេលណាដែលមិនអាចរកសណ្ឋាគារ ឬអគារណាបាន ចាំយើងទៅយកសាលារៀន ប៉ុន្តែឥឡូវនេះ គឺថាដោយសារតែយើងមានសណ្ឋាគារជាច្រើនដែលត្រូវបិទដោយសារអត់មានភ្ញៀវ អញ្ចឹងយើងជួលយកសណ្ឋាគារតែម្ដង ហើយបន្ទាប់ពីការព្យាបាលរួចរាល់ហើយនោះ យើងអាចនឹងទិញយកសម្ភារៈ ឬក៏ប៉ះប៉ូវយ៉ាងម៉េចដែលសម្ភារទាំងអស់នោះ ត្រូវសម្លាប់មេរោគ ហើយអាចទុកប្រើប្រាស់បន្តទៀតក៏បាន ។ ដូច្នេះសាលារៀនមយើងគ្រាន់តែបំរុងទុកទេ ក្នុងខណៈដែលយើងរកសណ្ឋាគារមិនបាន ។

សម្ដេចតេជោ ក៏បានប្រាប់ឲ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមនឹងក្រុមដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩នេះ ធ្វើការងារនេះឡើងវិញ ដោយសម្ដេចមើលឃើញថា សណ្ឋាគារ មានលទ្ធភាពច្រើន ហើយអាគារខ្លះជាខុនដូ ជាផ្ទះសំណាក់នៅកន្លែងខ្លះ ក៏យើងអាចធ្វើបានដែរ ប៉ុន្តែសុំកុំឲ្យមានការរាយប៉ាយពេក ដូច្នេះត្រូវតែគិតគូរឲ្យបានម៉ត់ចត់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner