លោក ដូណាល់ ត្រាំ ប្រកាសពីគ្រោះមហន្តរាយដ៏ធំនៅក្នុងរដ្ឋវ៉ាស៊ីនតោន និងរដ្ឋកាលីហ្វរញ៉ា ដែលបង្កឡើងដោយសារវីរុស COVID-19

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី២២ ខែមីនា (ម៉ោងក្នុងតំបន់) បានប្រកាសពីគ្រោះមហន្តរាយដ៏ធំដែលកំពុងកើតមាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋកាលីហ្វរញ៉ា ហើយលោកថែមទាំងបានបញ្ជាឱ្យសហព័ន្ធផ្តល់ជំនួយទៅកាន់បណ្តារដ្ឋទាំងនោះផងដែរ នេះបើតាមសារព័ត៌មានចិន CGTN ដកស្រង់ប្រភពពីសេតវិមាន ចុះផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។

ទន្ទឹមគ្នា លោក ដូណាល់ ត្រាំ ក៏បានប្រកាសដែរថា រូបលោកបានបង្កើតក្រុមការងារការពារជាតិនៅក្នុងទីក្រុងញូយ៉ក កាលីហ្វរញ៉ា និងរដ្ឋធានីវ៉ាស៊ីនតោន ស្ថិតក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19 ។ ទីក្រុងញូយ៉ក នាពេលថ្មីៗនេះ ក៏បានប្រកាសពីគ្រោះមហន្តរាយដ៏ធំថ្នាក់តំបន់កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ផងដែរ ។

សូមបញ្ជាក់ថា បើតាមប្រភពពីសាកលវិទ្យាល័យ Johns Hopkins University បច្ចុប្បន្នសហរដ្ឋអាម៉េរិកបានក្លាយជាប្រទេសទី៣ ដែលរងគ្រោះដោយសារមេរោគ COVID-19 ធ្ងន់ធ្ងរជាងគេនៅលើពិភពលោក បន្ទាប់ពីប្រទេសចិន និងអ៊ីតាលី ដោយក្នុងនោះ សហរដ្ឋអាម៉េរិកត្រូវបានរាយការណ៍ពីករណីឆ្លងសរុបយ៉ាងហោចណាស់៣ម៉ឺន៣ពាន់២រយករណី ខណៈអ្នកជម្ងឺសរុប៤១៩នាក់ស្លាប់ គិតត្រឹមម៉ោង៧និង៤០នាទីល្ងាចថ្ងៃទី២២ ខែមីនា (ម៉ោងក្នុងតំបន់) ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner