ប្រធានគណៈកម្មការចាក់វ៉ាក់សាំង៖ប្រជាពលរដ្ឋបាននាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តច្រើនហួសការប៉ាន់ស្មាន
ភ្នំពេញៈ ប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងជាអ្នកនាំពាក្យក្រសួងសុខាបាល និងអ្នកនាំពាក្យគណបក្សប្រជាជានកម្ពុជា បានច្រានចោលចំពោះការផ្សាយរបស់វិទ្យុបរទេសមួយចំនួនដែលថា ប្រជាពលរដ្ឋខ្មែរអល់អែកមិនចង់ហ៊ានទៅចាក់វ៉ាក់សាំងចិន គឺជាការផ្សាយមិនត្រឹមត្រូវទេ ដែលផ្ទុយពីការពិតទាំងស្រុង។ តាមការជាក់ស្តែងប្រជាពលរដ្ឋកំពុងសម្រុកទៅចាក់វ៉ាក់សាំងតាមកម្មវិធីចាក់របស់គណៈកម្មាធិការចំពោះកិច្ចយ៉ាងសស្រាក់សស្រាំគ្មានអល់អែក និងដោយស្ម័គ្រចិត្តច្រើនហួសការប៉ាន់ស្មាន។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានមាន ប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី៧ ខែមិថុនានេះថា “ជាការផ្សាយមិនត្រឹមត្រូវទេ ដែលផ្ទុយពីការពិតទាំងស្រុង។ ប្រជាជនកម្ពុជា បាននាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តច្រើនហួសការប៉ាន់ស្មានរបស់ គ.វ.ក-១៩ ទៅទៀត។ វ៉ាក់សាំងដែលកម្ពុជាបាននិងកំពុងតែប្រើប្រាស់ចាក់ជូនបងប្អូនប្រជាពលរដ្ឋ គឺសុទ្ធតែជាប្រភេទវ៉ាក់សាំង ដែលមានការដាក់បញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់ជាបន្ទាន់របស់អង្គការសុខភាពពិភពលោក។ គ.វ.ក-១៩នឹងបន្ត យុទ្ធនាការចាក់ជូនបងប្អូនយើង ទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខភាពប្រជាពលរដ្ឋទូទៅ និងយកចិត្តទុកដាក់ក្នុងការស្វះស្វែងរកវ៉ាក់សាំងមចាក់ជូនបងប្អូនយើង”។
លោកជំទាវវេជ្ជបណ្ឌិតបានបញ្ជាក់ថា “ប្រទេសគេ រកតែវ៉ាក់សាំងចាក់មិនចង់បានផង តែកម្ពុជាមានសម្តេចតេជោ គឺជាភ័ព្វសំណាង ដែលអាចរកវ៉ាក់សាំងបានរាប់លានដូសចាក់ជូនបងប្អូនបានជាងពីរលានប្រាំសែននាក់រួចទៅហើយ ដែលមិនយូរមិនឆាប់ចំនួនអ្នកចាក់វ៉ាក់សាំងនឹងកើនដល់៣លាននាក់នៅកម្ពុជា។ នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១០ ខែមិថុនានេះតទៅ យុទ្ធនាការចាក់នឹងបន្តនៅខណ្ឌចំនួនបីទៀតដែលនៅសេសសល់ គឺខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ដែល គ.វ.ក-១៩ បានរំពឹងទុកថា នឹងអាចចាក់អស់គ្រប់បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅរាជធានីភ្នំពេញសម្រាប់ដូសទី១ នៅដំណាច់ខែមិថុនានេះ ហើយឈានទៅបញ្ចប់ការចាក់ដូសទីពីរនៅខែកក្កដាខាងមុខនេះហើយ”។

ចំណែកឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងតាមតេឡេក្រាមថា “វិទ្យុអាស៊ីសេរីផ្សាយថា ប្រជាពលរដ្ឋខ្មែរអល់អែកមិនចង់ហ៊ានទៅចាក់វ៉ាក់សាំងចិន តែតាមការជាក់ស្តែងប្រជាពលរដ្ឋកំពុងសម្រុកទៅចាក់វ៉ាក់សាំងតាមកម្មវិធីចាក់របស់គណកម្មាធិការចំពោះកិច្ចយ៉ាងស្រោកសស្រាំគ្មានអល់អែក។ រាជរដ្ឋាភិបាលកម្ពុជាគ្មានកំហុសអី ក្នុងការចាត់វិធានការទប់ស្កាត់កូវីដ១៩ទេ។ ការចាត់វិធានការមិនចាំបាច់សួរយោបល់ទេហើយក៏គ្មានប្រទេសណាសួរយោបល់ពលរដ្ឋដែរ?។ បើស្អីចាំតែសួរពលរដ្ឋ ផលវិបាកនឹងធ្លាក់ទៅលើពលរដ្ឋ និងកម្មករនិយោជិត ? ក្រពះឬការហូបចុកជាសំខាន់។ ឯបញ្ហារស់ និងស្លាប់វាសំខាន់ជាងក្រពះទៅទៀត?”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា “រាជរដ្ឋាភិបាលបានគិតគូរជាងអ្នកនិយាយទៅទៀត។ រាជរដ្ឋាភិបាល បាននិងកំពុងដោះស្រាយទទួលបានកោតសរសើរ និងពេញចិត្ពពីប្រជាពលរដ្ឋ។ រដ្ឋមានថវិកាសម្រាប់ឧបត្ថម្ភប្រជាពលរដ្ឋពេលជួបការលំបាក លុះត្រាតែរដ្ឋមានថវិកាបានពីការបង់ពន្ធបស់ប្រជាពលរដ្ឋដូចនៅបណ្តាប្រទេសលើពិភពលោក?។ ប្រទេសដែលមានថវិកាឧបត្ថម្ភដោយសាររដ្ឋបានលុយពីការបង់ពន្ធច្រើនភាគរយពីប្រជាជន? រាជរដ្ឋាភិបាលកម្ពុជាដោះស្រាយតាមការជាក់ស្តែងនៃលទ្ធភាពដែលមានស្របតាមស្ថានភាពជាក់ស្តែងមិនមែនចេះតែធ្វើគ្មានគោលការណ៍ទេ”៕
ដោយៈពលជ័យ