ត្រីមេពូជក្នុងតំបន់អភិរក្សបឹងពារាំង កំពុងត្រូវបានជួយសង្គ្រោះ

សៀមរាប ៖ ថ្វីត្បិតតែត្រីមេពូជចម្រុះនៃតំបន់អភិរក្សបឹងពារាំង កំពុងត្រូវបានជួយសង្គ្រោះជាបន្ទាន់ចេញពីគ្រោះធម្មជាតិ ក៏ប៉ុន្តែការសង្ក្រោះនេះ វាអាចធានាបានក្នុងរយៈពេលខ្លីប៉ុណ្ណោះ លើសពី ១៥ថ្ងៃបើសិនជាគ្មានភ្លៀងធ្លាក់ទេនោះ វាជាគ្រោះអាសន្នដ៏ធំ ដែលពិបាកនឹងជួយសង្គ្រោះបន្ត ។

នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមការផ្តល់កិច្ចសហការអន្តរាគមន៍ដោយគ្រឿងចក្រមួយគ្រឿងរបស់ក្រសួងកសិកម្ម ដែលមានមន្រ្តីរដ្ឋបាលជលផលចុះផ្ទាល់ផងនោះ អាជ្ញាធរសង្កាត់ជ្រាវ នៃក្រុងសៀមរាប និងសហគមន៍បឹងពារាំង បានដំណើរការជីកប្រឡាយនាំទឹកចេញពីស្រះមួយចំនួន ទៅជួយសង្គ្រោះបន្ទាន់ជីវិតត្រីមេពូជចម្រុះនៅក្នុងតំបន់អភិរក្សបឹងពារាំង ដែលកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារតែកត្តាធម្មជាតិ គឺផ្ទៃបឹងរីងរាក់ និងអាកាសធាតុហួតហែង។

លោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានឱ្យដឹងថា រយៈពេល៣យប់កន្លងមកនេះ ត្រីមេពូជក្នុងបឹងពារាំងចាប់ផ្តើមងាប់ជាបណ្តើរៗ ដោយក្នុងមួយយប់ៗប្រមាណជា ៥០ក្បាល មានទម្ងន់ជិត ១០០គីឡូក្រាម ។ ជាមួយគ្នានេះដែរ កាលណាទឹកបឹងរីងរាក់បែបនេះ ត្រីមេពូជដែលងាប់ មិនត្រឹមតែជាលទ្ធផលប្រឈមនឹងអាកាសធាតុប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ត្រូវប្រឈមនឹងការយាយីដោយសត្វភេរផងដែរ ដែលសត្វភេរទាំងនោះ មានប្រមាណ ១០០ក្បាលនៅក្នុងតំបន់នេះ ។

លោកប្រធានសហគន៍បានបញ្ជាក់ថា នេះគឺជាការជួយសង្គ្រោះបឋម ដែលអាចបន្តឲ្យត្រីមេពូជទាំងនេះ មានដង្ហើមរស់ក្នុងរយៈពេលប្រហែលជា ១៥ថ្ងៃទៀតប៉ុណ្ណោះ ប្រសិនបើគ្មានភ្លៀងធ្លាក់ទេនោះ វាជាគ្រោះអាសន្នយ៉ាងធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់មាន សម្រាប់ជីវិតត្រីមេពូជនៃតំបន់អភិរក្សបឹងពារាំង ។ លោកនិយាយថា លើសពី១៥ថ្ងៃខាងមុខ ជម្រើសចុងក្រោយ គឺមានតែស្នើទៅគណៈអភិបាលខេត្តសៀមរាប សុំរថយន្តដឹកទឹក យកមកបញ្ចូលក្នុងបឹង ដែលមធ្យោបាយនេះ វាជាក្តីសង្ឃឹមដ៏តិចតួច ដើម្បីសង្គ្រោះត្រីមេពូជឆ្នាំនេះ និងជាមេរៀនពិសោធន៍សម្រាប់ឆ្នាំបន្ទាប់ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner