ផ្ទុះអាវុធមួយគ្រាប់ក្បែរមន្ទីរពេទ្យកាល់ម៉ែត្រ សង្ស័យប៉ុនប៉ងប្លន់យកម៉ូតូតែមិនបានសម្រេច បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍
ភ្នំពេញ ៖ មានជនសង្ស័យមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿងដេញស្ទាក់ម៉ូតូមួយគ្រឿងជិះដោយយុវជនប្រុសស្រីចំនួន ៣នាក់ ហេីយដកខ្សែក្រវាត់វាយបណ្ដាលឲ្យរបួសយុវជនពីរនាក់និងដកកាំភ្លើងបាញ់គំរាម១គ្រាប់សង្ស័យប៉ុនប៉ងប្លន់យកម៉ូតូតែមិនបានសម្រេច បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែមិថុនាឆ្នាំ ២០២១ នៅចំណុចមុខច្រកចូលមន្ទីរពេទ្យកាល់ម៉ែត្រ ជំហៀងខាងជើង តាមផ្លូវលេខ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
យោងតាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញមានយុវជនប្រុសស្រីចំនួន ៣ នាក់(ស្រីម្នាក់) ជិះម៉ូតូមួយគ្រឿងធ្វេីដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នាចំនួន៥ នាក់ជិះម៉ូតូចំនួន ៤គ្រឿង ម៉ាកឌ្រីមសង់ចំនួន២ គ្រឿងម៉ាកហុងដាស្កុបពី១គ្រឿងនិងម៉ូតូធំម៉ាកXRមួយគ្រឿងធ្វើដំណើរមកពីក្រោយ។
ក្រោយមកទៀតជនសង្ស័យដែរជិះម៉ូតូធំបានមកស្ទាក់ពីមុខម៉ូតូជនរងគ្រោះ រួចដកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសយុវជន២នាក់ រួចដកកាំភ្លើងបាញ់គំរាម១ គ្រាប់ឡើងលើ ធ្វើឲ្យជនរងគ្រោះរត់ចូលក្នុងពេទ្យឲ្យគេជួយ។បន្ទាប់មកជនសង្ស័យក៏បម្រុងលើកម៉ូតូជនរងគ្រោះ តែត្រូវបានប្រជាពលរដ្ឋលក់ដូរនៅក្បែរកន្លែងកើតហេតុមានការផ្អើលឆោឡោធ្វើឲ្យជនសង្ស័យគ្មានឱកាសរួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុខាងលើបាត់ស្រមោល។ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានដាក់ការសង្ស័យទៅលើករណីខាងលើនេះថា សង្ស័យជាករណីប្លន់យកម៉ូតូមិនបានសម្រេច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដើម្បីងាយស្រួលឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមរកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕ដោយ៖ ជីម ភារ៉ា