ពលរដ្ឋសប្បាយចិត្តនឹងការប្រមូលផលផ្សិតក្ងោក យកទៅលក់នៅទីផ្សារក្នុងស្រុក ឬនាំចេញទៅក្រៅប្រទេស ជាមួយនឹងតម្លៃថ្លៃគួរសម (មានវីដេអូ)

រតនគិរី៖ រតនៈគិរីជាខេត្តមួយដែលឋិតនៅភូមិភាគឦសាន្តនៃព្រះរាជាណាចក្រកម្ពុជា ដែលសំបូរទៅដោយធនធានធម្មជាតិ និងផ្តល់អនុផលស្ទើរគ្រប់រដូវកាល ដែលអាចចិញ្ចឹមជីវភាពបងប្អូនប្រជាពលរដ្ឋក្រៅពីរបរធ្វើស្រែចម្ការ លក់ដូរ និងនេសាទ ។ល។ ប្អូនប្រុសម្នាក់ ដែលជាអ្នករកផ្សិតក្ងោក នៅឃុំប៉ាក់កាឡាន់ ស្រុកវើនសៃ មានការសប្បាយចិត្ត និងរីករាយជាខ្លាំង ខណ:ដែលឆ្នាំនេះសំបូរផ្សិត ហើយលក់បានតម្លៃថ្លៃគួរសមផងដែរនោះ ។

ប្អូនប្រុសបានឲ្យដឹងថា មួយថ្ងៃគាត់អាចដកផ្សិតបានប្រមាណពី ៧ទៅ១០គីឡូក្រាមក្នុងមួយថ្ងៃ ហើយមួយគីឡូអាចលក់បានជាង១ម៉ឺនរៀលផងដែរ ដោយតម្លែផ្សិតឆ្នាំនេះថ្លៃគួសមដែរ ។ ដោយចម្ងាយផ្លូវប្រមាណជា៥គីឡូម៉ែត្រ ក្នុងមធ្យោបាយម៉ូតូ ។ ផ្សិតនេះទៀតសោធ ច្រើនដុះនៅដីល្បាយខ្សាច់មានសំណើមតិចៗ ជាពិសេសទៅទៀតនោះ ផ្សិតនេះគឺដុះដោយឯកឯងតាមបែបធម្មជាតិតែប៉ុណ្ណោះ ។ ប្អូនស្រីឈ្មោះ អន ចាន់ ជាឈ្មួញទិញផ្សិតតាមភូមិ នៅឃុំប៉ាក់កាឡាន់ ស្រុកវើនសៃ បានឲ្យដឹងដែរថា មួយថ្ងៃគាត់អាចទិញផ្សិតបានប្រមាណជា១០០គីឡូក្រាម ហើយផ្សិតដែលមានគុណភាពល្អលក់ចេញបានតម្លៃថ្លៃ ដោយវានៅក្រពុំ រឹងល្អ និងយកមកលក់អោយទាន់ពេលព្រឹក ។ ជាមួយគ្នានេះ ប្អូនស្រី ម៉ាក ឃី ជាឈ្មួញទិញផ្សិតក្ងោកនៅក្រុងបានលុង បានអោយដឹងដែរថា ផ្សិតដែលប្រមូលទិញនេះ ក្រៅពីលក់ឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត យកទៅកែច្នៃធ្វើម្ហូបទទួលទានបានច្រើនមុខយ៉ាងឆ្ងាញ់ពិសាហើយនោះ ក៏អាចលក់ជូនបងប្អូនតាមបណ្តាខេត្តផ្សេងៗ និងលក់ទៅប្រទេសថៃទៀតផងដែរ ។ ជាងនេះទៅទៀត មធ្យោបាយនៃការលក់កាន់តែទំនើប គឺការលក់ជូនអតិថិជនតាមរយៈប្រព័ន្ធអនឡាញ ដែលធ្វើឲ្យអ្នកនិយមបរិភោគអាចកុម្ម៉ង់ទិញបានយ៉ាងងាយស្រួល ។ ហើយផ្សិតក្ងោកមានការទិញចូលក្នុងតម្លៃខុសៗគ្នាចាប់ពី ៦ពាន់រៀល ១ម៉ឺនរៀលដល់១ម៉ឺន២ពាន់៥រយរៀល ។ ចំពោះផ្សិតក្ងោកនេះដែរ គឺមាន៣ប្រភេទមានពណ៌ស លឿង និង លឿងទុំ ។ រីឯផ្សិតពណ៌លឿង មានរសជាតិឆ្ងាញ់ជាងគេ  និងមានការនិយមចូលចិត្តទទួលទាន ។

គួរបញ្ជាក់ថា  ឆ្នាំនេះ ផ្សិតក្ងោកនេះអំណោយផលល្អណាស់ ដោយសារសំបូរភ្លៀងដើមឆ្នាំ ហើយអាកាសធាតុក្តៅ ។ ផ្សិតក្ងោកនេះចាប់ផ្តើមមានសំបូរចាប់ពីខែមិថុនា ដល់ខែសីហា ហើយក្នុងមួយខែសំបូរតែរយៈពេល២ទៅ៣អាទិត្យតែប៉ុណ្ណោះ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner