អភិបាលខេត្តព្រះវិហារ ជម្រុញអាជ្ញាធរមូលដ្ឋាន និងមន្ទីរ​ជំនាញ​ពាក់​ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយពីវិធានការ ៣កុំ និង៣ការពាររបស់ រាជ​រដ្ឋាភិបាល ឲ្យបានទូលំទូលាយ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

អត្ថបទដោយ៖
ជា សេឌី

  ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ជម្រុញបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី៧មិថុនា ឆ្នាំ២០២១ ដែលកិច្ចប្រជុំនេះបានធ្វើឡើងក្រោយពេលរដ្ឋបាលខេត្ត និងមន្ទីរជំនាញ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៣នាក់ ។

ឯកឧត្តម បានជម្រុញមន្ត្រីខេត្ត និងមន្ត្រីថ្នាក់ដឹកនាំក្រុង-ស្រុកទាំង៨ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការដោះស្រាយនូវគ្រប់បញ្ហាប្រឈមនានា ដែលតែងកើតឡើងនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ឲ្យស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញសម្រាប់ការអនុវត្តន៍ ក្នុងការរកយន្តការដោះស្រាយ ធ្វើឲ្យជីវភាព និងសុខមាលភាពប្រជាពលរដ្ឋ កាន់ប្រសើរឡើង។

  ឯកឧត្តម បានអោយមន្ទីរជំនាញ ត្រូវសហការគ្នាជាមួយ អាជ្ញាធរមូលដ្ឋាន បន្តខិតខំចុះផ្សព្វផ្សាយពី វិធានការ ៣កុំ ៣ការពាររបស់ របស់រាជរដ្ឋាភិបាល គឺ«កុំចូលកន្លែងបិទជិត កុំទៅកន្លែងមនុស្សច្រើន កុំប៉ះពាល់គ្នា» និង «ពាក់ម៉ាស លាងដៃឲ្យបានស្អាត និងការរក្សាគម្លាតសុវត្ថិភាព» និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ជ្រៀបការយល់ដឹងបន្ថែមទៀតដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដើម្បីខ្លួនយើង គ្រួសារយើង និងសហគមន៍យើង គ្មានការឆ្លងជំងឺកូវីដ១៩។

  គួរបញ្ជាក់ថា នៅក្នុងរយៈពេល៤៨ម៉ោងចុងក្រោយនេះ គឺនៅថ្ងៃទី៥មិថុនា និងនៅថ្ងៃទី៦មិថុនា ចុងសប្តាហ៍មកនេះ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ បន្ថែមទៀត ក្នុងនោះ កុមារីអាយុ៤ឆ្នាំម្នាក់ និងអ្នកប៉ះពាល់ផ្ទាល់៣នាក់ ដែលធ្វើដំណើរមកពីខេត្តកំពង់ធំ ចូលមកក្នុងភូមិសាស្ត្រស្រុករវៀង ខេត្តព្រះវិហារ។ រដ្ឋបាលខេត្ត ក៏នៅបានប្រកាសពីការបិទទីតាំងផ្សារស្រុករវៀង ផ្ទះសំណាក់តោពីរ  អាហារដ្ឋានទល់មុខផ្ទះសំណាក់តោពីរ  និងកន្លែងវីងវេរលុយ ទល់មុខទីស្នាក់ការបក្សស្រុក  ដោយសារអ្នកមានវិជ្ជាកូវីដ-១៩  បានចូលក្នុងទីតាំងទាំងនោះ។

  គិតមកដល់ថ្ងៃ៧មិថុនា ឆ្នាំ២០២១ ខេត្តព្រះវិហារ បានរកឃើញអ្នកកូវីដ១៩ ចំនួន១៣នាក់ ស្រី ៤នាក់ និងកុមារី២នាក់ ក្នុងនោះអ្នកជាសះស្បើយ៣នាក់ ស្រី១នាក់។ ចំពោះអ្នកជំងឺកូវីដ១៩ ចំនួន១០នាក់ ស្រី៣នាក់ និងកុមារី២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា និងនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ «អតីតសាលាបឋមសិក្សាស្ថាពរ»ខេត្តព្រះវិហារ។

  អាជ្ញាធរខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត និងត្រូវចូលរួមជាមួយ អាជ្ញាធរដែនដី  ដើម្បីការពារ ការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ ត្រូវ អនុវត្ត វិធានការ ការពាររបស់ ក្រសួងសុខាភិបាល និងវិធានការ ដែលបានដាក់ចេញដោយ ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន៕សំបូរ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner