រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងអនុព័ន្ធយោធាអាមេរិករួមគ្នារករូបមន្តធ្វើទំនាក់ទំនងកងទ័ពមានភាពល្អប្រសើរឡើងវិញ

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជា បានជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរឡើងវិញ ខណៈដែលទំនាក់ទំនងរវាងកងទាំងពីរនាពេលកន្លងមានភាពរកាំរកូសជាមួយគ្នា។

ជំនួបពិភាក្សានេះ បានធ្វើឡើងរវាងសម្តេចពិជ័យសេនា ទៀ បាញ់ ជាមួយលោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា (Marcus Ferrara) អនុព័ន្ធយោធាអាមេរិកចប់អាណត្តិ និងលោកវរសេនីយ៍ត្រី អារីស រីប៊ូជីអូ (Aries Rebugio) អនុព័ន្ធយោធាអាមេរិកស្តីទីថ្មីប្រចាំកម្ពុជា នៅអគារមិត្តភាពទីស្តីការគណរដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងជំនួបពិភាក្សារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងអនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជា បានរិះរកវិធីធ្វើយ៉ាងណាឱ្យទំនាក់ទំនងកងទ័ពរវាងប្រទេសទាំងពីរ ដែលមានភាពរកាំរកូសកន្លងមកឱ្យមានភាពល្អប្រសើរឡើងវិញ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៧ ខែមិថុនា នេះថា នៅក្នុងជំនួបនេះ លោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា អនុព័ន្ធយោធាអាមេរិកចប់អាណត្តិមកជម្រាបលា និងឧទ្ទេសនាមលោកវរសេនីយ៍ត្រី អារីស រីប៊ូជីអូ អនុព័ន្ធយោធាអាមេរិកស្តីទីថ្មី ដែលនឹងជំនួសលោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា។ សម្តេចពិជ័យសេនា បានមានប្រសាសន៍បន្តថា នៅក្នុងជំនួបពិភាក្សាក៏បានរម្លឹកអំពីកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមានភាពលេចអណ្តែតៗ ហើយរួមគ្នារករូបមន្តធ្វើយ៉ាងម៉េចឱ្យបានរុងរឿងឡើងវិញ។

លោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា អនុព័ន្ធយោធាអាមេរិកចប់អាណត្តិសង្ឃឹមថា ទៅថ្ងៃខាងមុខទំនាក់ទំនងរវាកងទ័ពប្រទេសទាំងពីរនឹងអាចត្រឡប់មកល្អដូចពីពេលមុនវិញ តាមរយៈការបន្តគោរពគ្នាទៅវិញទៅមក។ ការបន្តអនុវត្តអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងការកសាងទំនុកចិត្តគ្នា៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner