រដ្ឋបាលខេត្តបាត់ដំបង ទទួលសម្ភារៈបរិក្ខារការពារកូវីដ-19 ពីរដ្ឋបាលស្រុកប៉ូងណាំរ៉ង នៃប្រទេសថៃដើម្បីជួយដល់វិស័យសុខាភិបាលស្រុកកំរៀង

អត្ថបទដោយ៖
Kien Sereyvuth

    នៅព្រឹក ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២១ នេះឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងឯកឧត្តម សុខ គង់ ប្រធានក្រុមការងារចុះជួយស្រុកកំរៀង និងជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងបានអញ្ជើញជាអធិបតី ទទួលនូវសម្ភារៈបរិក្ខារពេទ្យសម្រាប់ការពារជម្ងឺឆ្លងកូវីដ19ពីឯកឧត្តមបណ្ឌិត រ៉ាតថាវីដ តាំងគៀតភិចឆារ៉ានិងលោកជំទាវ និងរដ្ឋបាលស្រុកប៉ូងណាំរ៉ង ខេត្តច័ន្ទបុរី ប្រទេសថៃ ដើម្បីជួយដល់វិស័យសុខាភិបាលក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ខណៈដែលវិស័យសុខាភិបាលនៃរដ្ឋបាលស្រុកកំរៀង មានបន្ទុករ៉ាប់រងទទួលការព្យាបាលអ្នកជម្ងឺកូវីដ-19កម្រិតស្រាលនៅក្នុងស្រុករបស់ខ្លួន។ 

         អំណោយនិងសម្ភារៈការពារកូវីដ-19 ដែលត្រូវប្រគល់និងទទួល រួមមាន៖ ម៉ាស់ ចំនួន ២៦៦ប្រអប់, អាវពេទ្យការពារកូវីដ ចំនួន១៣០កំប្លេ, អាល់កុល១០០លីត្រ, ស្រោមជើងពេទ្យ១០០គូ និងទឹកសុទ្ធ ១០០យួរ។ អំណោយជាសម្ភារៈបរិក្ខារពេទ្យទាំងនេះត្រូវបានឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង ប្រគល់ជូនដល់ទៅមន្ទីរពេទ្យបង្អែកស្រុកកំរៀង ដើម្បីទុកប្រើប្រាស់ចាំបាច់នៅក្នុងអង្គភាពរបស់ខ្លួន។

          ថ្លែងក្នុងឱកាសប្រគល់និងទទួលនូវសម្ភារៈពេទ្យទាំងនោះ ឯកឧត្តម សឿម ប៊ុនរិទ្ធ តំណាងឲ្យរដ្ឋបាលខេត្តបាត់ដំបងនិងជំនួសមុខឲ្យអាជ្ញាធរនៃរដ្ឋបាលស្រុកកំរៀង និងវិស័យសុខាភិបាលស្រុកបានថ្លែងអំណរគុណ ចំពោះវត្តមានឯកឧត្តមបណ្ឌិត រ៉ាត់ថាវីដ តាំងគៀតភិចឆារ៉ា និងលោកអភិបាលស្រុកប៉ូងណាំរ៉ង ថ្មីដែលទើបតែទទួលបាននូវការតែងតាំងជាអភិបាលស្រុក រួមនិងសហការី ដែលបានផ្តល់នូវសម្ភារៈពេទ្យ ដើម្បីជួយសម្រាលដល់ការខ្វះខាតនិងពីតម្រូវការចាំបាច់ ក្នុងស្រុកកំរៀងដើម្បីប្រើប្រាស់សំរាប់ការព្យាបាលអ្នកជម្ងឺកូវីដ-19ខណៈដែលរដ្ឋបាលខេត្តបាត់ដំបង បានកំណត់យកវិទ្យាល័យកំរៀង ធ្វើជាទីតាំងព្យាបាលអ្នកជម្ងឺកូវីដ-19កម្រិតស្រាល និងមួយផ្នែកទៀតបានរៀបចំជាអគារដាច់ដោយឡែក សម្រាប់អ្នកជាប់ពាក់ព័ន្ធនិងសង្ស័យពីការឆ្លងជម្ងឺកូវីដ-19។

        ឯកឧត្តម សឿម ប៊ុនរិទ្ធ និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចាត់ទុកអំណោយសម្ភារៈពេទ្យនៅពេលនេះគឺជាការរួមចំណែកក្នុងការជួយឧបត្ថម្ភដល់វិស័យសុខាភិបាលខេត្ត ក៏ដូចជាមន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាពមួយចំនួនក្នុងស្រុកកំរៀងផងដែរ ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ នៅក្នុងស្រុកមួយនេះ។

        ឯកឧត្តម ក៏បានកត់សម្គាល់ និងបានធ្វើការរំពឹងទុក និងតាមរយៈ ឯកឧត្តមបណ្ឌិត រ៉ាត់ថាវីដ តាំងគៀត ភិចឆារ៉ា និង លោកអភិបាល ស្រុកប៉ូងណាំរ៉ងថ្មី នៃខេត្តច័ន្ទបុរី ប្រទេសថៃ និងខេត្តបាត់ដំបង ជាពិសេសស្រុកកំរៀង និងកាន់តែបង្កើននូវកិច្ចសហប្រតិបត្តិការល្អរវាងស្រុកទាំង២ខេត្តទាំង២បានកាន់តែរីកចម្រើន និង ប្រសើរឡើងថែមទៀត លើគ្រប់វិស័យ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner