អតីតតំបន់ក្រហមក្នុងខណ្ឌទាំង៦ បានបញ្ចប់ ការចាក់វ៉ាក់ សាំងដូសទី១

ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ នៅអតីតតំបន់ក្រហមក្នុងខណ្ឌទាំង៦ នៅរាជធានីភ្នំពេញ ដោយកម្លាំងកងទ័ព ត្រូវបានបិទបញ្ចប់ជាស្ថាពរហើយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ។ រយៈពេល៣៨ថ្ងៃ នៃប្រតិបត្តិការនៅអតីតតំបន់ក្រហមនេះ មានប្រជាពលរដ្ឋជិត ១លាននាក់ បានមកទទួលវ៉ាក់សាំង។

កងទ័ពបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហម ដែលជាតំបន់ប្រឈមការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ក្រោមបទបញ្ជាផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ អតីតតំបន់ក្រហម ដែលរាប់រងចាក់វ៉ាក់សាំង ដោយកម្លាំងកងទ័ពនេះ មាន៦ខណ្ឌ រួមមាន៖ ខណ្ឌមានជ័យ ពោធិ៍សែនជ័យ ដង្កោ កំបូល ទួលគោក និងឬស្សីកែវ ស្មើនឹងប្រមាណ ៤៣សង្កាត់។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បញ្ជាក់នៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះថា ប្រតិបត្តិការចាក់វ៉ាក់សាំងដូសទី១ នៅអតីតតំបន់ក្រហមទាំង៦ខណ្ឌនេះ បានបិទបញ្ចប់ទាំងស្រុងហើយ ខណៈដូសទី២ គ្រោងនឹងបិទបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ​។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះ «ថ្ងៃនេះយើងបានបញ្ចប់ដូសទី១ទាំងស្រុងហើយ ក្នុងភូមិសាស្ត្រខណ្ឌទាំង៦ ក្នុងរាជធានីភ្នំពេញនេះ។ នៅដូសទី២ ប្រហែល២៤ម៉ឺននាក់ទៀតទេ ដែលយើងនឹងចាក់នៅថ្ងៃទី៨ ទី៩ រយៈពេលតែបន្តិចទៀត យើងនឹងចាក់ចប់»។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមដែលបានចាក់វ៉ាក់សាំងមានចំនួនសរុប ៩៩៣,៩០២នាក់ ស្រី ៥២៨,៥០១នាក់។ ដោយឡែកអ្នកដែលបានចាក់ដូសទី២រួចរាល់ មានចំនួន ៧៥៣,៦២៩នាក់ ស្រី ៣៩៦,៧៦១នាក់។

នៅក្រោយទទួលបានបទបញ្ជារបស់សម្តេចតេជោ កងទ័ពមកពីអង្គភាពនានាសរុបជាង ៣ពាន់នាក់ បានចូលខ្លួនបំពេញប្រតិបត្តិការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅអតីតំបន់ក្រហម។ ពួកគេប្តេជ្ញាចិត្តខ្ពស់ជាមួយប្រតិបត្តិការនេះ ដោយគ្មានថ្ងៃឈប់សម្រាក នោះឡើយរយៈពេល ៣៨ថ្ងៃកន្លងមកនេះ។ ក្នុងនាមជាអ្នកដឹកនាំប្រតិបត្តិការនេះផ្ទាល់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបង្ហាញមោទនភាព និងស្ញប់ស្ញែងខ្ពស់ចំពោះយុទ្ធមិត្តរបស់លោក ដែលបានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចកិច្ចការរបស់រាជរដ្ឋាភិបាល និងដើម្បីជួយប្រជាពលរដ្ឋបានចៀសផុតពីការយាយីនៃជំងឺកូវីដ១៩។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចាត់ទុកការបិទបញ្ចប់ការចាក់វ៉ាក់សាំងដូសទី១ នៅអតីតតំបន់ក្រហមនេះ ជាជោគជ័យដ៏ធំធេងមួយសម្រាប់បេសកកម្មរបស់កងទ័ព ហើយក៏ជាជោគជ័យរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner