អភិបាលខេត្តកំពង់ចាម គ្រោងបង្កើតទីលានចាក់សំរាមថ្មី ១កន្លែងបន្ថែមទៀត ស្ថិតនៅក្នុងស្រុកជើងព្រៃ

កំពង់ចាម ៖ ដោយមើលឃើញពីកំណើន នៃការប្រើប្រាស់សម្រាមពីមួយឆ្នាំ ទៅមួយឆ្នាំ ចេះតែមានការកើនឡើងជាលំដាប់នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានគ្រោងពង្រីកទីលានចាក់សម្រាមថ្មី មួយកន្លែងទៀត ដែលមានទំហំប្រមាណ ៥០ហិកតា ស្ថិតនៅក្នុងភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ស្ថិតនៅឆ្ងាយពីលំនៅដ្ឋាន មិនបង្កឱ្យមានក្លិនប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ ។

កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងទីលានចាក់សម្រាមថ្មី ស្ថិតនៅក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃ ហើយដីខាងលើនេះសព្វថ្ងៃ កំពុងស្ថិតនៅក្រោមការវិនិយោគ របស់ក្រុមហ៊ុនឯកជនមួយ ដែលកំពុងធ្វើការដាំដុះដំណាំស្វាយចន្ទី នៅជុំវិញទីតាំងនោះផងដែរ ។

លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានបានឲ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងធ្វើការស្នើសុំលាយលក្ខណ៍អក្សរ ទៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាក់ឲ្យទីតាំងនោះ ស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលខេត្តកំពង់ចាមវិញ ។ ដោយឡែក សម្រាប់ទីតាំងដែល អាជ្ញាធរខេត្ត ចុះពិនិត្យដោយផ្ទាល់នេះ គឺមានទំហំដីប្រមាណជា ៥០ហិកតា គឺស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។ ម្យ៉ាងវិញទៀត ដោយផ្អែកតាមការពិនិត្យទីតាំងផ្ទាល់ និងតាមផែនទី ទីតាំងនេះ ក៏ធ្លាប់ត្រូវបានមន្ត្រីជំនាញ ក្រសួងបរិស្ថាន ធ្វើការវាយតម្លៃ ដោយសមស្រប គឺនឹងអាចប្រែក្លាយជាទីលានចាក់សម្រាមបាន ពោលគឺ មិនមានផលប៉ះពាល់ ទៅដល់ប្រជាពលរដ្ឋឡើយ ។

គួរបញ្ជាក់ថា នាពេលអនាគត នៅស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកព្រៃឈរ គឺនឹងមានទីកន្លែងចាក់សម្រាម យ៉ាងងាយស្រួល ដោយពុំចាំបាច់ទៅឆ្ងាយឡើយ ។ បច្ចុប្បន្ន យើងមានទីលានចាក់សម្រាម ១កន្លែង ស្ថិតនៅក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ដែលមានទំហំ ១០ហិកតា ត្រូវបានក្រុមហ៊ុនប្រមូលសម្រាមនៅក្នុងក្រុងកំពង់ចាម តែងតែយកទៅទុកដាក់ នៅតំបន់នោះ ជារៀងរាល់ថ្ងៃផងដែរ ។

សូមបញ្ជាក់ថាកន្លងមក ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្ដល់ម៉ូតូ និងរថយន្តដឹកសំរាម ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ជាច្រើនគ្រឿង ដោយបានបែងចែកជូនតាមបណ្ដាស្រុកក្រុងមួយចំនួន ប្រើប្រាស់ក្នុងយុទ្ធនាការប្រមូលសំរាមឲ្យបានស្អាត និងមានបរិស្ថានល្អ មិនថា នៅទីក្រុង ឬជនបទនោះឡើយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner