អភិបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំជាមួយរោងចក្រមួយចំនួន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីពង្រឹងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩
ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មការប្រយុទ្ធ ប្រឆាំងកូវីដ-១៩ ខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញបើក កិច្ចប្រជុំពង្រឹងការងារបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយ បណ្ដារោង ចក្រពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះបានរៀបចំធ្វើឡើងនៅសាល ប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងតាកែវ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុកពាក់ព័ន្ធ និង ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្រ្តី ពាក់ព័ន្ធជាច្រើនរូបផងដែរ ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏ធ្វើការណែនាំដល់ បណ្ដារោងចក្រ សហគ្រាសទាំងអស់ ត្រូវពង្រឹង និងត្រូវតែគិតពី សុខភាពរបស់កម្មករនិយោជិត ក្នុងរោងចក្ររបស់ខ្លួន ដើម្បីចៀសឆ្ងាយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យកើតមានឡើង នៅក្នុងកន្លែងធ្វើការ ជាពិសេស គឺត្រូវចូលរួមទាំងអស់គ្នា ទប់ស្កាត់ឱ្យខានតែបានការចម្លង ពីរោងចក្រ ទៅសហគមន៍ ឬពីសហគមន៍ទៅក្នុងរោងក្រ ។ ដោយឡែកកម្មករ កម្មការនីត្រូវតែ ថែរក្សាសុខភាពខ្លួនឯងធ្វើយ៉ាងណា កុំឱ្យកើតមានជំងឺនេះព្រោះថា ជំងឺនេះងាយ ឆ្លងខ្លាំងបំផុត ហើយត្រូវអនុវត្តន៍តាមវិធានការ របស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្ត ប្រសាសន៍ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ គឺធ្វើឱ្យយើងមាន សុវត្ថិភាពសម្រាប់ខ្លួនឯង និង សម្រាប់ក្រុមគ្រួសារ និងមជ្ឈដ្ឋានជុំវិញខ្លួន៕ ប្រភពពីរដ្ឋបាលខេត្តតាកែវ